ជនភៀសសឹក៩៥គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ទទួលបានអំណោយសប្បុរសធម៌ពីរដ្ឋបាលខេត្តរតនគិរី

(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី បានរៀបចំពិធីចែកអំណោយសប្បុរសធម៌ ជូនជនភៀសសឹកចំនួន៩៥គ្រួសារ ក្នុងទីធ្លាសាលាខេត្តរតនគិរី នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។
នៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយសប្បុរសធម៌ ចែកជូនដល់គ្រួសារវីរកងទ័ព និងបងប្អូនជនភៀសសឹក ដែលមកពីបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចំនួន៩៥គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ក្នុងមូលដ្ឋានខេត្តរតនគិរី នាពេលនេះ លោក ញ៉ែម សំអឿន បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកតា លោកយាយ និងពុកម៉ែបងប្អូនទាំងអស់ ដែលបានយល់ព្រមលះបង់នូវសាច់ញាតិជាទីស្រឡាញ់របស់ខ្លួន ដូចជា ប្តី ប្រពន្ធ កូន ឬចៅ ឱ្យទៅបំពេញភារកិច្ចជាទាហានជួរមុខ ដើម្បីការពារជាតិសាសន៍ពីសង្រ្គាមឈ្លានពានរបស់ប្រទេសជិតខាង។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការដែលពុកម៉ែបងប្អូន ដាច់ចិត្តឱ្យសាច់ឈាមបង្កើត ចាកចេញពីផ្ទះសម្បែង ទៅកាន់សមរភូមិជួរមុខ ប្រឈមមុខនឹងគ្រាប់កាំភ្លើង និងការឈ្លានពានពីសត្រូវ គឺជាការលះបង់ដ៏ធំធេងបំផុតដែលមិនអាចកាត់ថ្លៃបាន។ បើគ្មានការលះបង់និងស្មារតីស្នេហាជាតិពីសំណាក់ពុកម៉ែបងប្អូន និងវីរកងទ័ពយើងទេនោះ បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន ក៏មិនអាចរក្សាបានរឹងមាំដូចពេលនេះដែរ។
លោក ញ៉ែម សំអឿន ក៏បានបន្ថែមទៀតថា វត្តមានរបស់បងប្អូនជនភៀសសឹកដែលបានចាកចេញពីតំបន់ព្រំដែន គឺជាសាក្សីរស់នៃការតស៊ូ និងការឈឺចាប់ដែលបង្កឡើង ដោយការរំលោភបំពានពីសំណាក់ក្រុមទាហានសៀមដែលនៅតែបន្តធ្វើសង្រ្គាមឈ្លានពានមកលើបូរណភាពទឹកដីរបស់យើង ក៏ដូចជាបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន វត្តអារាម ទ្រព្យសម្បត្តិ លំនៅដ្ឋានប្រជាពលរដ្ឋ ជនភៀសសឹកជាច្រើនម៉ឺនគ្រួសារត្រូវបង្ខំចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ដោយសារតែសង្រ្គាមឈ្លានពានរបស់សៀម ដែលទង្វើឈ្លានពានមកលើប្រទេសកម្ពុជា និងពលរដ្ឋកម្ពុជា យើងទាំងអស់គ្នាឈឺចាប់ និងចងចាំមិនអាចបំភ្លេចបាននោះឡើយ។
លោកអភិបាលខេត្ត បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ត នឹងមិនទុកឱ្យបងប្អូនណាម្នាក់ ឱ្យរស់នៅឯកោឡើយ។ ការនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកានាពេលនេះ គឺជាការចូលរួមចំណែកសម្រាលទុក្ខលំបាក និងជាការបង្ហាញនូវការដឹងគុណចំពោះវីរភាពរបស់គ្រួសារកងទ័ពដែលបានឈរជើងការពារទឹកដីខ្មែរ ពីការឈ្លានពានពីប្រទេសជិតខាង កុំឱ្យរំលោភបំពានមកលើអធិបតេយ្យភាពជាតិបានឡើយ។
សូមបញ្ជាក់ជូនថា អំណោយដែលបានចែកជូនពលរដ្ឋភៀសសឹកទាំង៩៥ គ្រួសារនាពេលនេះ គឺជាអំណោយសប្បុរសធម៌ របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈអគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប៊្រូវើរី ដោយ១គ្រួសារទទួលបាន អង្ករ១០គីឡូក្រាម, ថវិកា៧ម៉ឺនរៀល, ទឹកសុទ្ធវីអាក់ទីវ១កេស, ទឹកប៊ីកូឡា១កេស។ រីឯសិស្សភៀសសឹក ដែលមកចុះឈ្មោះចូលរៀន នៅក្នុងខេត្តរតនគិរី សរុបចំនួន៦៣នាក់ (ស្រី ២៨នាក់) ក្នុងម្នាក់៣ម៉ឺនរៀល។
ដោយឡែក អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏បានឧបត្ថម្ភជូន រដ្ឋបាលខេត្តរតនគិរី, តំបន់ប្រតិបត្តិការសឹងរងខេត្ត, ស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, មន្ទីរបរិស្ថានខេត្ត, មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ក្នុង១អង្គភាព ទទួលបានទឹកសុទ្ធ១០០កេស, ទឹកប៊ីកូឡា៥០កេស, អង្ករ៥០បេ (ក្នុង១បេ១០គីឡូ) និងថវិកាមួយចំនួនផងដែរ៕

You might also like