កម្ពុជា បន្តការតវ៉ាប្រឆាំងនឹងការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យភាព ខណៈសហគមន៍អន្តរជាតិជំរុញឱ្យថៃងាកមកបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា តវ៉ា ប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការរំលោភបំពានរបស់ថៃដែលបន្តសកម្មភាពឈ្លានបានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ខណៈសហគមន៍អន្តរជាតិក៏កំពុងជំរុញឱ្យថៃងាកមកដោះស្រាយបញ្ហាបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីដែរ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ជាក់ស្ដែង តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានសម្តែងការតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងក្លាជាថ្មីម្តងទៀត កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដោយបានជំទាស់យ៉ាងដាច់អហង្ការចំពោះការរាំងផ្លូវ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលទៅតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់។
លិខិតតវ៉ានោះបានបញ្ជាក់ថា ទីតាំងដែលថៃបានដាក់ទូរកុងតឺន័រទាំងនោះស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុងដូចដែលបានកំណត់ក្នុងអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ចំណែកឯការសាងសង់របាំង និងផ្លូវនៅក្នុងទឹកដីកម្ពុជា ដែលកាន់កាប់ដោយកងកម្លាំងថៃតាមមធ្យោបាយយោធាក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ គឺផ្ទុយស្រឡះទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលបានព្រមព្រៀងគ្នាក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។
សកម្មភាពទាំងនេះបានរារាំងបន្ថែមទៀតដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ពលរដ្ឋភៀសសឹកកម្ពុជាទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ ហើយវាជាការប៉ុនប៉ងដោយចេតនា ក្នុងការកំណត់ឡើងវិញនូវបរិយាកាសសន្តិសុខ និងបង្កើតស្ថានភាពថ្មីនៅលើ ទីតាំងជាក់ស្តែង នៅក្នុងតំបន់ដែលស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ ដែលជាការរំលោភលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ចំណែក ក្រសួងវប្បធម៌និងវិចិត្រលិល្បៈកម្ពុជាកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែរក៏បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃដែលថា ប្រាសាទតាក្របី និងតំបន់ប្រសាទតាមាន់ស្ថិតក្នុងដែនអធិបតេយ្យរបស់ថៃ។ ក្រសួងវប្បធម៌និងវិចិត្តសិល្បៈកម្ពុជាបញ្ជាក់ថា ទីតាំងប្រវត្តិសាស្ត្រទាំងនេះស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាទាំងស្រុងដូចមានកំណត់ច្បាស់ក្នុងអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ដែលមានផែនទីឧបសម្ព័ន្ធភ្ជាប់ជាមួយ ហើយក៏ដូចគ្នាជាមួយនឹងមូលដ្ឋានផ្លូវច្បាប់ដែលតុលាការយុត្តិធម៌អន្តរជាតិ(ICJ)បានប្រើកាលពីឆ្នាំ១៩៦២ ដើម្បីកាត់ក្តីសំណុំរឿងប្រាសាទព្រះវិហារដែរ។
ដូច្នេះ ការទាមទារដោយប្រើផែនទីឯកតោភាគីដែលច្បាប់អន្តរជាតិមិនទទួលស្គាល់គ្មានតម្លៃផ្លូវច្បាប់ដែលអាចមកលុបលើសន្ធិសញ្ញាទ្វេភាគីបានឡើយ។ រីឯការងារជួសជុលណាមួយដែលគ្មានការយល់ព្រមពីប្រទេសកម្ពុជាគឺជាការរំលោភលើ MOU ឆ្នាំ 2000 ក៏ដូចជាការមើលស្រាលដល់ស្មារតីសហប្របត្តិការអាស៊ាន។ ចំណែកឯការដណ្តើមកាន់កាប់ទីតាំងវប្បធម៌ប្រវត្តិសាស្ត្រដោយកម្លាំងយោធាត្រូវបានហាមឃាត់ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ក្រៅពីអនុសញ្ញា សន្ធិសញ្ញា និងឯកសារ ផែនទី ដ៏មានតម្លៃនិងត្រូវបានទទួលស្គាល់ជាអន្តរជាតិដែលជាមរតកបន្សល់ពីសម័យអាណាព្យាបាល កម្ពុជានិងថៃក៏មានកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនទៀតដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាកិច្ចព្រមព្រៀងចុងក្រោយមួយដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន(JBC) ដើម្បីបន្តការងាររបស់ខ្លួនដើម្បីវាស់វែងខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃ។
អ្នកនាំពាក្យបានបន្តថា សហគមន៍តំបន់ និងអន្តរជាតិសុទ្ធតែសម្តែងការគាំទ្រពេញទំហឹងចំពោះបទឈប់បាញ់ និងជំរុញឱ្យកម្ពុជានិងថៃដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់និងដោយអនុលោមតាមច្បាប់អន្តរជាតិ ដោយចៀសវាងការប្រើកម្លាំង ពោលគឺសហគមន៍អន្តរជាតិកំពុងការពារច្បាប់អន្តរជាតិ ក្នុងនោះក៏មានព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃផងដែរ។ ដូច្នេះ កម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាជាបន្ទាន់ហើយងាកមកដោះស្រាយបញ្ហាដោយសន្តិវិធីតាមកិច្ចព្រមព្រៀងដែលមានស្រាប់ស្របតាមគោលបំណងរបស់សហគមន៍តំបន់ និងអន្តរជាតិដែលចង់បាន។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជាប្តូរផ្តាច់ការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម, គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕



