អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ(UN) ប្តេជ្ញាជួយរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសសឹក

ភ្នំពេញ ៖ លោកស្រី វ៉ឡាដានកា អង់ឌីវ៉ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជួបពិភាក្សាគ្នា នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនោះអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងប្តេជ្ញាសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជួយជនភៀសសឹករងគ្រោះពីសង្គ្រាមឈ្លានពាន ពិសេសនឹងជួយរៀបចំកន្លែងស្នាក់នៅ បណ្តោះអាសន្នសម្រាប់ជនភៀសសឹកកម្ពុជាឱ្យបានមុខរដូវភ្លៀងមកដល់។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងអំណរគុណដល់លោកស្រី វ៉ឡាដានកា អង់ឌីវ៉ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលបានប្តេជ្ញាក្នុងការដល់ជនភៀសសឹកកម្ពុជា និងបានសហការយ៉ាងស្និទ្ធស្នាលជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានសហប្រតិបត្តិការជាមួយ កម្មវិធីស្បៀងអាហារពិភពលោក (WFP), កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP), អង្គការសហប្រជាជាតិដើម្បីស្ត្រី (UN Women) និង អង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) ហើយរាជរដ្ឋាភិបាលបន្តវេនបានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងគ្រោះមហន្តរាយ ដោយការដាក់ចេញផែនការសកម្មភាពជាតិនៃយុទ្ធសាស្រ្តសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយតំាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូដែលតែងតែយកចិត្តទុកដាក់សហការគាំទ្រលើវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាសហការគាំលើពហុវិស័យនៅបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិក្រោមជាតិដល់មូលដ្ឋាសហគមន៍ ក្នុងនោះកន្លងមកបានចូលកម្មវិធីកសាងទីទួលសុវត្តិភាព, ប្រព័ន្ធប្រកាសឱ្យដឹងមុន និងកម្មវិធីបណ្តុះបណ្តាលមន្ត្រីតាមបណ្តាលក្រសួងលើការងារឆ្លើយតបការគ្រប់គ្រងគ្រោះមហន្តរាយ ពិសេសសម្រាប់ឆ្នាំ២០២៥ រួមមានអង្ករប្រមាណ ២២០តោន ដល់ជនភៀសសឹក ចំនួន ៤,៥០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ ពិសេសនៅពេលដែលវីរៈកងទ័ពកម្ពុជាបានឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី គឺក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មិនដែលធ្វេសប្រហែសនោះទេ គឺតែងគិតគូធានាសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋភៀសសឹកគ្រប់រូបតាមមណ្ឌលសុវត្ថិភាព ជាអាទិភាពខ្ពស់បំផុត៕

You might also like