សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល ប្តេជ្ញាការពារបូរណភាពទឹកដី ដោយផ្អែកលើច្បាប់អន្តរជាតិ មិនទទួលស្គាល់ដាច់ខាតការគ្រប់គ្រងទឹកដីដោយប្រើកម្លាំង
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាការពារបូរណភាពទឹកដី ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដោយផ្អែកលើច្បាប់អន្តរជាតិ មិនទទួលស្គាល់ដាច់ខាតការគ្រប់គ្រងទឹកដីដោយប្រើកម្លាំង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅ OCIC ជ្រោយចង្វារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិរវាងរដ្ឋនិងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហេតុដូច្នេះ កម្ពុជាប្រកាន់ជំហរ ការការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីទាំងបច្ចុប្បន្ន និងអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលកម្ពុជាមាន ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជា មិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្ញើលិខិតមួយច្បាប់ទៅលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួនផ្តល់ នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងថៃ ក្នុងករណីមានសំណើពីប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
តាមរយៈលិខិតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា កម្ពុជាបានត្រៀមខ្លួនធ្វើការជាមួយបារាំង និងសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាព តាមរយៈការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវីធី ដោយមិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនោះទេ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើសុំឱ្យប្រទេសបារាំងពិចារណាផ្តល់ការគាំទ្រ បច្ចេកទេសជំនាញ និងការប្រឹក្សាផ្តល់យោបល់ ព្រមទាំងសម្រួលការទទួល និងផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ ដែលជាមរតកនៃសម័យអាណាព្យាបាល។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្ថែមថា កម្ពុជាប្រកាន់ខ្ជាប់នូវជំហរដោះស្រាយនូវជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកតាមច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយ ដែលកម្ពុជានិងថៃ បានព្រមព្រៀងជាមួយគ្នា ជាពិសេសការចុះវាស់វែង តាមយន្តការ JBC ដើម្បីកំណត់ភាពត្រឹមត្រូវ និងយុត្តិធម៌ សម្រាប់ប្រទេសទាំងពីរក្នុងការការពារអធិបតេយ្យភាព បូរណភាពដែនដីរៀងៗខ្លួន។ នេះជាគោលការណ៍ ស្របទៅតាមអ្វីដែលបន្សល់ទុកពីអាណានិគមដែលយើងមាន៕
\


