សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ត្រឹម១០នាទីលើបណ្តាញសង្គម ពលរដ្ឋអាចបង្ហាញអារម្មណ៍ច្រើនយ៉ាង តែរាជរដ្ឋាភិបាល រាល់ការសម្រេចចិត្តរឿងជាតិ ប្រជាជន និងទឹកដី គឺប្រកបដោយការថ្លឹងថ្លែង និងគិតគូរគ្រប់ជ្រុងជ្រោយ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល១០នាទីប្រជាពលរដ្ឋលើបណ្តាញសង្គម អាចបង្ហាញអារម្មណ៍ច្រើនយ៉ាងបាន តែសម្រាប់រាជរដ្ឋាភិបាល រាល់ការសម្រេចចិត្ត គឺប្រកបដោយការថ្លឹងថ្លែង និងគិតគូរគ្រប់ជ្រុងជ្រោយទាំងទឹកដី ប្រជាពលរដ្ឋ និងកងកម្លាំង គ្រប់ជំហានទាំងអស់ នៃការសម្រេចចិត្តគឺដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនខ្មែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។ ជំនួបធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «បងប្អូនខ្លះ ឬម្នាក់ណាខ្លះអង្គុយនៅតុកាហ្វេ ក្នុងរយៈពេលតែមួយម៉ោង ឬ១០នាទីគត់ អាចសម្រេចចិត្តធ្វើអីបាន ៣ ទៅ ៤មុខ ជាពិសេសតាម Facebook ចូលខមិន (Comment ) បើកទៅមួយផុសឃើញរូបភាពអ្នកស្លាប់ អ្នករបួស វត្តអារាមឆេះខ្ទេចខ្ទី ផ្ទះមិនទាន់បានទៅ បងប្អូនអាចចូលខមិន សង្គ្រាមគួរឱ្យខ្លាចណាស់មិនចង់ឃើញទៀតទេ, ចូលមួយផុសទៀត ឃើញជនភៀសសឹកដែលលំបាក មិនទាន់ត្រឡប់ទៅវិញ បងប្អូនអាចចូលខមិនទៀតថា វេទនាណាស់សូមជូនពរបងប្អូនឱ្យឆាប់បានត្រឡប់ទៅវិញ នឹងកុំឱ្យមានសង្គ្រាមតទៅទៀត, ចូលមួយផុសទៀត ឃើញបងប្អូនត្រៀមរត់ បានជូនពរសុខសប្បាយ ហើយចូលមួយផុសទៀត ឃើញទូរកុងតឺណ័រ បន្លាលួស ខឹងភ្លាមៗ ស្រាប់តែដាក់ថាមិចមិនបាញ់ មិចមិនវ៉ៃ ចឹងក្នុងពេលតែ១០នាទី បងប្អូនអាចបញ្ចេញមតិ និងអារម្មណ៍ ៤មុខខុសៗគ្នា»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្រាប់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ អាចបញ្ចេញអារម្មណ៍ខុសៗគ្នាបាន ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាល រាល់ការសម្រេចចិត្តគឺសម្រេចចិត្តគ្រប់ជំហានទាំងអស់ ដោយការទទួល ខុសត្រូវ ថ្លឹងថ្លែង និងវាយតម្លៃយ៉ាងច្បាស់លាស់នៅក្នុងមុខព្រួញ ត្រូវគិតគូរទាំងទឹកដី ប្រជាពលរដ្ឋ កងកម្លាំងរបស់យើង ហើយក្នុងពេលតែមួយរាជរដ្ឋាភិបាលអាចសម្រេចចិត្តជ្រើសរើសជម្រើសតែមួយគត់ មិនអាចមានជម្រើសច្រើនដូចអ្នក ខមិននោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា តែទោះជាយ៉ាងណាការសម្រេចចិត្តរបស់ពលរដ្ឋ ដែលអាចមានជម្រើសច្រើ់នក្នុងពេលតែមួយនោះ គឺមិនខុសនោះទេ ព្រោះអារម្មណ៍ជាខ្មែរ មានសិទ្ធឈឺចាប់ មានសិទ្ធខឹង និងមានសិទ្ធបញ្ចេញមតិរបស់គាត់បាន ហើយមិនបានប៉ះពាល់ដល់ស្ថានភាព និងការឆ្លើយតបដែលបង្កើតជាស្ថានភាពលើដីដូចការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនោះទេ, ប៉ុន្តែការសម្រេ ចិត្តរបស់រាជរដ្ឋាភិបាល គ្រប់ជំហានទាំងអស់គឺដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕





