ប្រធានរដ្ឋសភាកម្ពុជា អរគុណពលរដ្ឋខ្មែរទំាងក្នុងប្រទេសនិងក្រៅប្រទេស ដែលបានរួមគ្នាជាធ្លុងមួយឈរការពារនិងគាំទ្ររាជរដ្ឋាភិបាល និងវីរយុទ្ធជន នៅក្នុងកិច្ចការការពារអធិបតេយ្យ និងបូរណភាពទឹកដី

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អរគុណពលរដ្ឋខ្មែរទំាងក្នុងប្រទេសនិងក្រៅប្រទេស ដែលបានរួមជាធ្លុងមួយឈរការពារនិងគាំទ្ររាជរដ្ឋាភិបាល និងវីរយុទ្ធជននៅក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី ។
សម្តេចមហារដ្ឋសភាលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញទទួលអំណោយសប្បុរសធម៌ ជាថវិកា និងសម្ភារមួយចំនួនពីលោកជំទាវ ឈាង គឹមស្រ៊ុន ទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា និងលោកជំទាវ នាង សុវណ្ណារី ទីប្រឹក្សា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រាប់ចែកជូនដល់វីរកងទ័ព និងជនភៀសសឹក នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់លោកជំទាវទាំងពីររូបក៏ដូចជា សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជាកម្លំាងសប្បុរសធម៌មហាគ្រួសារខ្មែរ តាមរយៈសម្តេចក្តី និងតាមរយៈថ្នាក់ដឹកនាំស្ថាប័ននានាក្តី ដែលនេះសុទ្ធសឹងជាកាយវិការមនុស្សធម៌ គួរជាទីគោរពបំផុត ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ក្នុងសា្មរតីមហាគ្រួសារខ្មែរ ជួយសង្គមជាតិក្នុងគ្រាដ៏លំបាកនេះ៕

You might also like