តុលាការកំពូលកម្ពុជា និងតុលាការកំពូលសិង្ហបុរី ចុះកិច្ចសហប្រតិបត្តិការ ក្នុងវិស័យតុលាការ ទាក់ទងនឹងការផ្តល់បទពិសោធន៍ និងកសាងសមត្ថភាពមន្ត្រី
(ភ្នំពេញ)៖ លោក ជីវ កេង ប្រធានតុលាការកំពូលកម្ពុជា និងលោក ស៊ុនដារ៉េស មេណុន (SUNDARESH MENON) ប្រធានតុលាការកំពូលសិង្ហបុរី បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យតុលាការ នាព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានខ្លឹមសារសំខាន់ៗទាក់ទងនឹង៖
១៖ ការផ្តល់បទពិសោធជំនាញបរិវិត្តកម្មឌីជីថល ក្នុងរដ្ឋបាលតុលាការ ៖ តុលាការកំពូលសិង្ហបុរី នឹងចែករំលែកបទពិសោធ នៃការចាប់ផ្តើមធ្វើបរិវត្តកម្មឌីជីថល រដ្ឋបាលតុលាការ តាំងពីឆ្នាំ១៩៩៧ រហូតទទួលបានជោគជ័យ ដើម្បីជួយដល់តុលាការកំពូលកម្ពុជា ក្នុងការសិក្សា និងការរៀបចំដំណើរការ ប្រព័ន្ធដាក់ឯកសារតាមអេឡិចត្រូនិក (E-filing) និងប្រព័ន្ធគ្រប់គ្រងសំណុំរឿង (Case Management) ដែលជាធាតុដ៏សំខាន់ជួយបង្កើនល្បឿន និងគុណភាពនៃសេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ។
២៖ ការកសាងសមត្ថភាពមន្ត្រី តាមរយៈការផ្លាស់ប្តូរបទពិសោធ និងការបណ្តុះបណ្តាល។
៣៖ ការពង្រឹងការផ្លាស់ប្តូរគ្នាទៅវិញទៅមក និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងគ្នា ដោយស្ថិតក្នុងក្របខ័ណ្ឌ នៃទំនាក់ទំនងមិត្តភាពរវាងគូភាគី ដោយមិនបង្កើតកាតព្វកិច្ចតាមច្បាប់ជាតិ ឬច្បាប់អន្តរជាតិឡើយ។
បន្ទាប់មកនៅរសៀលថ្ងៃដដែល ប្រធានតុលាការកំពូលនៃប្រទេសទាំងពីរ បានដឹកនាំអង្គប្រជុំមួយ ដែលមានថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រុមការងារបច្ចេកវិទ្យានៃប្រទេសទាំងពីរ រួមជាមួយតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ បានពិភាក្សាអំពីការអនុវត្តជាក់ស្តែង នូវអនុស្សរណៈនៃការយោគយល់គ្នា លើការអនុវត្តការងារបរិវត្តកម្មឌីជីថល នៅតុលាការកំពូលកម្ពុជា៕




