នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន

វៀតណាម ៖ នគរបាលខេត្តក្វាងង៉ាយ ប្រទេសវៀតណាម បានបង្ក្រាប និងរឹបអូសសាច់ជ្រូកងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិករាប់សិបតោន ដែលឈ្មួញត្រៀមបោះដុំតាមទីផ្សារ និងផ្គត់ផ្គង់ដល់រោងចក្រកែច្នៃសាច់ក្រក-សាច់ប៉ាតេ ក្នុងខេត្តមួយដែលជាប់ព្រំដែនខេត្តរតនគិរីនៃប្រទេសកម្ពុជា ។
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តក្វាងង៉ាយ បានប្រកាសពីការចាត់វិធានការច្បាប់លើករណីចំនួន ៤ ផ្សេងគ្នា ពាក់ព័ន្ធនឹងការជួញដូរផលិតផលជ្រូកមានមេរោគប៉េស្តជ្រូកអាហ្វ្រិក ដើម្បីទប់ស្កាត់ការរីករាលដាលអាហារមិនមានសុវត្ថិភាព ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ។
យោងតាមសារព័ត៌មាន VN Express ជនសង្ស័យដែលជាឈ្មួញទាំង ៤ ករណីរួមមាន ៖ ១. លោកស្រី Duong (៤៧ឆ្នាំ) ៖ ប្រមូលទិញជ្រូកឈឺធ្ងន់ ៧២ក្បាល (៧,៨តោន) ដឹកទៅកាន់ខេត្តយ៉ាឡាយ (Gia Lai) ដើម្បីលក់ឱ្យរោងចក្រកែច្នៃសាច់ក្រក និងសាច់ប៉ាតេ ។
គួរកត់សម្គាល់ថា ខេត្តយ៉ាឡាយ មានព្រំប្រទល់ជាប់ខេត្តរតនគិរីរបស់កម្ពុជា តាមរយៈច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ។
២. លោកស្រី Hoa (៥៥ឆ្នាំ) ៖ ពិឃាតជ្រូកមានមេរោគ ៨០៦គីឡូក្រាម សម្រាប់លក់ចែកចាយ ។
៣. លោកស្រី Khuyen (៥១ឆ្នាំ)៖ ពិឃាតនិងជួញដូរសាច់ជ្រូក ២៣៩គីឡូក្រាម និងគ្រឿងក្នុងមានមេរោគ ៨គីឡូក្រាម។
៤. ករណីធំជាងគេ ៖ លោកស្រី Thanh (៥៥ឆ្នាំ) នៅស្រុកម៉ូឌឹក ត្រូវបានរកឃើញថាបានស្តុកទុក និងក្លាសេសាច់ជ្រូកមានជំងឺជិត ១៤តោន ត្រៀមលក់លើទីផ្សារ ។
លោក Vo Nang Chuyen ប្រធានផ្នែកគ្រប់គ្រងទីផ្សារខេត្តក្វាងង៉ាយ បានព្រមានថា៖ «ប្រសិនបើមិនបានបង្ក្រាបទាន់ពេលទេ សាច់ជ្រូកមានជំងឺដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងក្លាយជាឃាតករលាក់មុខយាយីសុខភាពអ្នកប្រើប្រាស់ដោយផ្ទាល់» ។
តាមការបញ្ជាក់ពីនគរបាលសេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ២០២៥ មេរោគប៉េស្តជ្រូកអាហ្វ្រិកបានរាលដាលស្ទើរគ្រប់ឃុំក្នុងខេត្តក្វាងង៉ាយ ។ កសិករដែលបារម្ភពីការខាតបង់បានសម្រុកលក់ជ្រូកឈឺក្នុងតម្លៃថោក ដែលជាឱកាសឱ្យឈ្មួញទុច្ច រិតប្រមូលទិញយកទៅកែច្នៃយកចំ ណេញ ដោយមិនខ្វល់ពីហានិភ័យសាធារណៈ ។ ករណីនេះបានធ្វើឱ្យពលរដ្ឋតាមទីផ្សារប្រពៃណីនានា បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភពសាច់ជ្រូក ។
លោកវរសេនីយ៍ទោ Doan Duong អនុប្រធាននាយកដ្ឋាននគរបាលសេដ្ឋកិច្ចខេត្តក្វាងង៉ាយ សង្កត់ធ្ងន់ថា កម្លាំងជំនាញកំពុងពង្រឹងការត្រួតពិនិត្យតាមដានគ្រប់ខ្សែសង្វាក់ដឹកជញ្ជូន និងទីសត្តឃាត ដើម្បីស្វែងរកនិងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះរាល់ការបំពានដែលប៉ះពាល់ដល់សុខុមាលភាពពលរដ្ឋ៕

You might also like