កម្ពុជា បន្តតវ៉ាជំទាស់សកម្មភាពខុសច្បាប់ របស់កម្លាំងប្រដាប់អាវុធថៃ នៅតំបន់បឹងត្រកួន និងភូមិជោគជ័យ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បន្តតវ៉ាជំទាស់ទៅនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពខុសច្បាប់លើដីកម្ពុជានៅតំបន់បឹងត្រកួត និងភូមិជោគជ័យ នៃខេត្តបន្ទាយមានជ័យ។
យោងតាមសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន មានហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀតរបស់កម្ពុជា ត្រូវបានយោធាថៃវាយកម្ទេចបំផ្លិចបំផ្លាញនៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង៣៦ ក្នុងស្រុកថ្មពួក។ ដោយឡែកនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ យោធាថៃ បានជីកប្រឡាយ និងសាងសង់ផ្លូវមួយខ្សែ ព្រមទាំងចាក់ដីលុបស្រះទឹក។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកសកម្មភាពទាំងនេះ ជាការកែប្រែភូមិសាស្ត្រ ហើយជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ក្នុងការបង្កើតភាពស្របច្បាប់ចំពោះការកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា។ ទង្វើទាំងនេះ បំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងចំណុចទី១ នៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីវិធានការបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេចំពោះការដោះស្រាយជម្លោះព្រំដែនទាំងអស់ដោយសន្តិវិធី និងមិត្តភាពជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនេះប្រកាន់ខ្ជាប់នូវគោលជំហរ
ជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ៕



