លោក ហេង រតនា ៖ CMAC កំពុងបន្តជំរុញសកម្មភាពបោសសម្អាត គ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអះអាងថា កងកម្លាំង CMAC បាន និងកំពុងបន្តជំរុញការបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន តាមតំបន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ស្របតាមគោលដៅរបស់សម្តេចបវរធិបតី ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវបទបញ្ជាឱ្យធ្វើសកម្មភាពចាំបាច់ជាអាទិភាព សម្រាប់ធានាជូនប្រជាពលរដ្ឋក្នុងការវិលត្រឡប់ ទៅលំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព។
សូមជម្រាបថា គ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន បន្សល់ទុកគ្រាប់ជាច្រើន ដូចជាសំណល់គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់សារធាតុ/អាវុធគីមី ក៏ដូចជាគ្រាប់ដ្រូន (Drone) ជាដើម៕
លោក ហេង រតនា ធ្លាប់បានបញ្ជាក់ឱ្យដឹងថា សង្គ្រាមថៃឈ្លានពានកម្ពុជាទាំងពីរលើកកន្លងទៅថ្មីៗ បានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា ដោយសារគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន គ្រាប់អាវុធសារធាតុគីមី និងគ្រាប់យុទ្ធភណ្ឌ ដែលបានធ្វើឱ្យប៉ះពាល់ភូមិប្រមាណ ៣៤០ភូមិ ប៉ះពាល់ផ្ទៃដី ៤៤១ ០០០ហិកតា និងបានប៉ះពាល់ចំនួន ៩១ ០០០គ្រួសារ៕






