ឃាតករកាប់សម្លាប់ បងស្រី និងក្មួយ ពេលនេះត្រូវបានកម្លាំងកងរាវុធហត្ថខេត្ត ចាប់ខ្លួនបានហើយ
ខេត្តតាកែវ : នៅវេលាម៉ោង៣:៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦(ត្រង់ចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ) កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះប៉ាង សុបិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាជនដៃដល់ ក្នុងករណីឃាតកម្ម ដោយយកពូថៅកាប់ជនរងគ្រោះស្លាប់ ចំនួនពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ កាលពីវេលាម៉ោង២០:០៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ជនរងគ្រោះទី១ ឈ្មោះប៉ាង សុខន ភេទស្រី អាយុ៤៧ឆ្នាំ និងជនរងគ្រោះទី២ឈ្មោះ ម៉ោង សីម៉ា អាយុ២៣ឆ្នាំ ភេទប្រុស ត្រូវជាកូនរបស់ជនរងគ្រោះនិងជាក្មួយរបស់ជនសង្ស័យ។
វត្ថុតាងចាប់យក៖
– ម៉ូតូ១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ស្លាកលេខ តាកែវ Q៦៥៤៨
– ទូរស័ព្ទដៃចំនួន៣គ្រឿង
– ប្រាក់ចំនួន៥.៤០០រៀល
កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕






