ទូតជប៉ុន ៖ ជប៉ុននឹងបន្តឱ្យមានការផ្តួចផ្តើមផ្សេងៗគាំទ្រ ដល់ការកាត់បន្ថយភាពតានតឹងបន្ថែមទៀតរវាងកម្ពុជា-ថៃ និងផ្ដល់ជំនួយផ្សេងៗដល់កម្ពុជា

រដ្ឋាភិបាលជប៉ុន នឹងបន្តឱ្យមានការផ្តួចផ្តើមផ្សេងៗ ដើម្បីគាំទ្រដល់ការកាត់បន្ថយភាពតានតឹងបន្ថែមទៀតរវាងកម្ពុជា និងថៃ នៅតាមបណ្តោយព្រំដែន ក៏ដូចជាការផ្តល់នូវជំនួយផ្សេងៗ។ ជប៉ុនក៏បានស្វាគមន៍ការសម្រេចនូវកិច្ចព្រមព្រៀងបទឈប់បាញ់លើកទី២ផងដែរ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋាភិបាលជប៉ុន និងរូបឯកឧត្តមផ្ទាល់ ស្វាគមន៍ការសម្រេចនូវកិច្ចព្រមព្រៀងបទឈប់បាញ់លើកទី២ និងការត្រឡប់មកវិញ ដោយសុវត្ថិភាពរបស់ទាហានកម្ពុជាទាំង ១៨រូប នៅមុនដំណាច់ឆ្នាំកន្លងទៅ។ ដោយឯកឧត្តមបានអះអាងថា រដ្ឋាភិបាលជប៉ុន នឹងបន្តឱ្យមានការផ្តួចផ្តើមផ្សេងៗ ដើម្បីគាំទ្រដល់ការកាត់បន្ថយភាពតានតឹងបន្ថែមទៀត ក៏ដូចជាការផ្តល់នូវជំនួយផ្សេងៗ។
ការបញ្ជាក់របស់ឯកអគ្គរាជទូតជប៉ុនក្នុងពិធីប្រគល់ទទួលសម្ភារបរិក្ខាបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេសម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។
សូមជម្រាបថា រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានផ្ដល់ជំនួយប្រមាណ ១ លាន៥សែនដុល្លារទៅឱ្យកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ដើម្បីជួយជាស្បៀងដល់ពលរដ្ឋខ្មែររងគ្រោះព្រោះជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ កំពុងបន្តស្នាក់នៅជម្រកបណ្ដោះអាសន្ន និងពលរដ្ឋដែលបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងជួយពលករដែលវិលចូលប្រទេសកម្ពុជាវិញ ក៏ដូចជាការសាងសង់រចនាសម្ព័ន្ធដែលខូចខាតព្រោះការវាយប្រហារដោយយោធាថៃ ដើម្បីចូលរួមស្ដារជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរផងដែរ៕

You might also like