មន្ត្រីជាន់ខ្ពស់ CDC បន្តលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគ បង្កើតតំបន់សេដ្ឋកិច្ចពិសេស ដោយផ្តោតលើកន្សោមឧស្សាហកម្មជាក់លាក់មួយ
(ភ្នំពេញ)៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន IDECGROUP ASIA ដឹកនាំដោយលោក Francois MAGNIER អគ្គនាយកក្រុមហ៊ុន នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគនេះ បង្កើតតំបន់សេដ្ឋកិច្ចពិសេស ដោយផ្តោតលើកន្សោមឧស្សាហកម្មជាក់លាក់ណាមួយ។
លោកពិនិត្យឃើញថា ក្រុមហ៊ុននេះអាចមានលទ្ធភាពរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយប្រើប្រាស់នូវជំនាញក្នុងការសាងសង់របស់ក្រុមហ៊ុនស្រាប់ ព្រមទាំងអាចផ្តល់សេវាសាងសង់រោងចក្រ ជូនដល់អតិថិជនដែលបណ្តាក់ទុនវិនិយោគ ក្នុងតំបន់របស់ខ្លួន។
បន្ថែមលើសពីនេះ អគ្គលេខាធិការក៏បានលើកឡើងនូវវិស័យមួយចំនួន ដែលមានសក្តានុពល ដូចជា ការកែច្នៃស្រូវ ការកែច្នៃស្វាយចន្ទី ការកែច្នៃជ័រកៅស៊ូ ឧស្សាហកម្មឈើដាំ។ល។ ដើម្បីឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ធ្វើការបណ្តាក់ទុនវិនិយោគទាញយកអត្ថប្រយោជន៍ជាអតិបរមាពីវិស័យទាំងនេះ។
សូមបញ្ជាក់ជូនថា៖ ក្រុមហ៊ុន IDECGROUP ASIA បង្កើតឡើងដោយការរួមសហការរវាងក្រុមហ៊ុន GROUPE IDEC និងក្រុមហ៊ុន ARCHETYPE GROUP ដែលមានកម្មវត្ថុអាជីវកម្មក្នុងការរចនាប្លង់សាងសង់ និងផ្តល់សេវាសាងសង់, ការផ្តល់ដំណោះស្រាយថាមពល, ឧស្សាហកម្មបៃតង, ភស្តុភារកម្ម។ល។ គោលបំណងនៃការជួបពិភាក្សានាពេលនេះ គឺដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក្នុងវិស័យដែលមានសក្តានុពលមួយចំនួន៕






