ក្មេងទំនើង៤នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបពាក់ព័ន្ធករណីហិង្សាដោយចេតនា

(ភ្នំពេញ)៖ កាលពីវេលាម៉ោង២១៖៤០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើងចំនួន២ក្រុម មានគ្នាប្រមាណ១០នាក់ បានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសស្រាលទាំងសងខាង និងធ្វើឲ្យខូចខាតសម្ភារៈមួយចំនួនក្នុងក្លឹប ខណៈពេលដែលភាគីទាំងសងខាងចូលលេងកម្សាន្តនៅក្នុងក្លឹប និងភោជនីយដ្ឋាន រ៉ូលលើ ចំណុចផ្លូវលេខ២៨៧ កែងនិងផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក ចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនបានក្មេងទំនើងទាំងសងខាងចំនួន៤នាក់ រួមមាន៖ ១៖ឈ្មោះ ទាងលឹម ច័ន្ទនា អាយុ១៧ឆ្នាំ, ២៖ឈ្មោះ ម៉េងហេង ចាន់ត្រា អាយុ១៧ឆ្នាំ, ៣៖ឈ្មោះ ឃុន ទី អាយុ១៨ឆ្នាំ, ៤៖ឈ្មោះ ឡុង ធារ៉ា អាយុ១៧ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ក្រោមវិធានការជំនាញក្មេងទំនើងទាំង៤នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាវាយគ្នាទៅវិញទៅមកដូចការរៀបរាប់ខាងលើ ប្រាកដមែន។
ក្មេងទំនើងទាំង៤នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

You might also like