ក្នុងជំនួបរវាងរដ្ឋមន្ត្រីសុខាភិបាល , UNRC ប្តេជ្ញាចិត្តរួមក្នុងការពង្រឹងភាពជាដៃគូប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោកស្រី Vladanka Andreeva ដែលទើបត្រូវបានតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (United Nations Resident Coordinator) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាល។
ក្នុងឱកាសនោះភាគីទាំងពីរបានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ ដែលបាននិងកំពុងអនុវត្តរវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារអង្គការសហប្រជាជាតិជាង ១០ រួមមាន FAO, IAEA, IOM, UNAIDS, UNDP, UNFPA, UNICEF, UNODC, UNOPS, WFP និង WHO ដែលគ្របដណ្តប់លើវិស័យសុខភាពមាតា ទារក និងកុមារ ជំងឺឆ្លង និងមិនឆ្លង សុខភាពផ្លូវភេទ និងបន្តពូជ អាហារូបត្ថម្ភ សុខាភិបាលឌីជីថល និងការពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីធានាថាប្រជាជនគ្រប់រូបទទួលបានសិទ្ធិមានសុខភាពល្អ។
ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់ អង្គការសហប្រជាជាតិ ជាពិសេសក្នុងការជំរុញការគ្របដណ្តប់សុខភាពជាសកល (UHC) និងការឆ្លើយតបជាជំនួយមនុស្សធម៌ក្នុងបរិបទបញ្ហាប្រឈមសេដ្ឋកិច្ចសង្គម និងជម្លោះព្រំដែន ដែលបានប៉ះពាល់ដល់សុខុមាលភាពប្រជាជន។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងទៀតថា វត្តមាន និងតួនាទីរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីនូវការរៀបចំសម្របសម្រួលជំនួយ មិនឱ្យមានភាពស្ទួនគ្នាលើផ្នែកនានានៃកិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធភាព និងធានាបាននូវចីរភាពនៃការអភិវឌ្ឍ ដើម្បីប្រជាពលរដ្ឋមានសុខភាពល្អ ឆ្ពោះទៅសម្រេចបានគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងនាមក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ទីភ្នាក់អង្គការសហប្រជាជាតិទាំងអស់ ដែលបានជួយកម្ពុជា ជាពិសេសបានរួមសហការផ្នែកសុខាភិបាល ផ្តល់សេវា និងជំនួយមនុស្សធម៌ចាំបាច់ និងបន្ទាន់ៗបំផុតជូនប្រជាជនភៀសសឹកកម្ពុជា នៅក្នុងកាលៈទេសៈសង្គ្រាមឈ្លានពានតាមព្រំដែន ដែលនេះបញ្ជាក់នូវការប្តេជ្ញាយ៉ាងមុះមុតបំផុតរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ស្របតាមទិសស្លោក “No One Left Behind”។
ជាមួយគ្នានោះលោកស្រី Vladanka Andreeva ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របតាមក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព (២០២៤–២០២៨) ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាទិភាព SDGs ការត្រៀមចាកចេញរបស់កម្ពុជា ពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ក្នុងនោះភាគីទាំងពីរ ក៏បានពិភាក្សាអំពីអាទិភាពយុទ្ធសាស្ត្រ សម្រាប់ការគាំទ្របច្ចេកទេសបន្ថែម រួមទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម ការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល និងការត្រៀមលក្ខណៈសម្រាប់ជួយគាំទ្ររចនាសម្ព័ន្ធលើជំនួយអភិវឌ្ឍន។ កិច្ចជំនួបនេះផងដែរក៏បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងផ្លែផ្កា ដោយបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងភាពជាដៃគូប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា៕
























