ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចុះពិនិត្យការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ២ ០០០ម នៅខេត្តកំពត
( កំពត) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី ឆាយ ឬទ្ធិសែន, ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម៉ែត្រ សាងសង់លូគ្រប់ប្រភេទចំនួន ៧កន្លែង ស្ថិតនៅភូមិត្រាំសសរ និងភូមិបរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត (គម្រោងលេខ DRR-NC-2024-No.053)។
ក្នុងពេលចុះពិនិត្យជាក់ស្តែង ឯកឧត្តមបណ្ឌិត បានជួបជាមួយលោក ហ៊ុន ម៉ាន់ មេឃុំសំរោងលើ ជំទប់ និងស្មៀនឃុំ ព្រមទាំងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវកំពុងសាងសង់នេះ ដើម្បីស្តាប់មតិយោបល់ពួកគាត់ ហើយពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តល់ផ្លូវកៅស៊ូមួយខ្សែប្រវែង២គីឡូម៉ែត្រ ដ៏មានសារ:សំខាន់នេះ ។
អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវនេះ បានសន្យាថា នឹងខិតខំសហការឱ្យបានល្អជាមួយក្រុមហ៊ុនទទួលសាងសង់ ក្នុងការដោះស្រាយផលប៉ះពាល់ និងបានសន្យាថា មិនបង្កជាឧបសគ្គដល់ផែនការសាងសង់ផ្លូវនេះឡើយ ។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋ ដែលបានយោគយល់ ចំពោះការហុយធូលី និងរអិលជាយថាហេតុ ពេលក្រុមហ៊ុនស្រោចទឹកលើផ្លូវការពារកុំអោយហុយជាដើម។
ជាមួយគ្នានោះដែរ ឯកឧត្តមបានណែនាំឱ្យក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់ខ្ពស់លើគុណភាព និងពន្លឿនការសាងសង់អោយបានលឿនតាមដែលអាចធ្វើទៅបាន ព្រមទាំងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានជួយបំពាក់អំពូលភ្លើងសូឡានៅតាមលូ ស្ពាន និងបានជួយបន្ថែមបង្គោលសុវត្ថិភាពចរាចរណ៍ និងចំណាំងផ្លាតត្រង់ផ្លូវកោង ដើម្បីធានានូវសុវត្ថិភាពបើកបរ និងចូលរួមកាត់បន្ថយអត្រាមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។






