ព្រះខ័នរាជ យកឈ្នះគិរីវង់ ៥-០ រក្សាគម្លាត ៥ពិន្ទុក្នុងតំណែងកំពូលតារាង ក្រោយចប់ជុំទី២

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ៥-០ ដើម្បីពង្រឹងកៅអីកំពូលតារាង ដោយរក្សាគម្លាត ៥ពិន្ទុពីក្រុមឈរលេខរៀងទី២ ភ្នំពេញក្រោន ក្រោយបញ្ចប់ការប្រកួតជុំទី២ ក្នុងដំណាក់កាលទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦។
ផ្ទុយពីជើងទី១ ដែលយកឈ្នះក្នុងដីត្រឹម ២-១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រៅដីយ៉ាងចាស់ដៃ លើក្រុមមាន់គក់ ខេត្តតាកែវ ។ ៥គ្រាប់ ដែលជួយឲ្យក្រុមការពារតំណែងជើងឯក ទទួលបាន ៣ពិន្ទុបន្ថែម ធ្វើសម្រេចដោយកីឡាករ Peprah Kwame ២គ្រាប់, Cristian Dos Santos ១គ្រាប់ និង Patrick Robson ២គ្រាប់។
ជ័យជម្នះនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង បណ្ចប់ការប្រកួត ២ជុំ ក្នុងដំណាក់កាលទី១ ស្មើនឹង ២០ប្រកួតឈ្នះ ១៧ និងចាញ់ ៣ រកបាន ៥១ពិន្ទុ នាំមុខ ៥ពិន្ទុ លើក្រុមភ្នំពេញក្រោន ដែលឈរលេខ២ មាន ៤៦ពិន្ទុ តែនាំមុខក្រុមឈរលេខ៣ អង្គរថាយហ្គឺរ រហូតដល់ ១៥ពិន្ទុឯណោះ។
ការនាំមុខគូប្រជែងដ៏ច្រើនពិន្ទុបែបនេះ បានក្លាយជាផលចំណេញដ៏ធំ សម្រាប់ព្រះខ័នរាជស្វាយរៀង មុនឈានដល់ការប្រកួតដំណាក់កាលទី២ រវាងបេក្ខភាព ៦ក្រុមកំពូលតារាង(Top-6) ដែលនឹងត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំ ស្មើនឹង ១០ប្រកួតទៀត ដើម្បីកាត់សេចក្ដីរកក្រុមកំពូលតារាង និងក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ តែម្ដង៕

You might also like