អង្គទូត និងអង្គការអន្តរជាតិនានាប្រចាំកម្ពុជា ចុះពិនិត្យទីតាំងដែលយោធាឈ្លានពានថៃ រាយបន្លាលួស ដាក់ទូកុងតឺន័រព័ទ្ធយកដី និងផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងក្រកួន ភូមិជោគជ័យ និងភូមិព្រៃចាន់
(ព្រំដែន)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងទូត និងបណ្តាអង្គការអន្តរជាតិនានា ប្រចាំកម្ពុជា បានចុះពិនិត្យដោយផ្ទាល់នៅតាមគោលដៅដែលយោធាឈ្លានពានថៃ បានរាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកដី និងផ្ទះប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នៅតំបន់បឹងក្រកួន ស្រុកថ្មពួក ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ពិធីនេះសម្របសម្រួលដឹកនាំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
*ភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ភូមិនេះស្ថិតចន្លោះបង្គោលព្រំដែនលេខ៤៦ និងលេខ៤៧។
-នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ បានចាប់ផ្ដើមរាយលួសបន្លា ដាក់កង់ឡាន ដាក់ក្រណាត់ខ្មៅ បិទផ្លូវចូលផ្ទះប្រជាជន និងបានបណ្ដេញប្រជាជនកម្ពុជាចេញពីលំនៅដ្ឋាន។
-កងទ័ពថៃ បើកការវាយប្រហារ និងឈ្លានពានទឹកដីកម្ពុជា ជាលើកទី២ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃ ក៏បានចាប់ផ្ដើមវាយប្រហារមកលើភូមិជោគជ័យ។
*ភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ភូមិនេះស្ថិតចន្លោះបង្គោលព្រំដែនលេខ៤២ និងលេខ៤៣។
-នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ បានចាប់ផ្តើមធ្វើសកម្មភាពដូចនៅភូមិជោគជ័យដែរ។
-នៅវេលារសៀល និងល្ងាចនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពថៃ បានបើកបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដែលស្ថិតនៅភូមិព្រៃចាន់ ដែលបណ្តាលឱ្យអ្នកភូមិ០១រូប បានបាត់បង់ជីវិត និង០៣នាក់រងរបួស។
-នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃ ក៏បានចាប់ផ្តើមបើកវាយប្រហារមកលើភូមិព្រៃចាន់ ដូចគ្នាទៅនឹងភូមិជោគជ័យដែរ។
*តំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៣៣ និងលេខ៣៦ តំបន់បឹងត្រកួនមានច្រកទ្វារតំបន់ព្រំដែន។ តំបន់បឹងត្រកួន ទល់មុខនឹងច្រកបានតាប្រាយ៉ា (ខេត្តស្រះកែវ)។
-តំបន់បឹងត្រកួន ក៏ជាតំបន់ដែលទទួលរងការវាយប្រហារលើកទី២ (ថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥) ពីសំណាក់កងទ័ពថៃ ដូចគ្នាទៅនឹងភូមិជោគជ័យ និងភូមិព្រៃចាន់ផងដែរ។ នាពេលថ្មីៗនេះ កងទ័ពថៃ បានដាក់ទូកុងតឺន័របិទផ្លូវ ជីកលេណដ្ឋាន បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវីល និងអគារសាធារណៈជាដើម (អាគារស្នាក់គយច្រកទ្វារព្រំដែនបឹងត្រកួន) ដែលផ្ទុយនឹងលទ្ធនៃកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
សូមរម្លឹកផងដែរថា បើទោះជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ហើយដែលភាគីទាំងពីរបានឯកភាពគ្នា ជាពិសេសក្នុងចំណុចទី៤ ដែលបានចែងថា «ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន»។
តែផ្ទុយទៅវិញកងកម្លាំងយោធាថៃ បាននឹងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត តាមរយៈការរាយបន្លលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ៕






