ក្រសួងវប្បធម៌ចេញសេចក្ដីប្រកាសបន្ទាន់ ! ក្រោយរឿងរ៉ាវពិធីបុកល័ក្តក្នុងមង្គលការខ្មែរ កំពុងឡើងកម្ដៅ
ជុំវិញរឿងរ៉ាវវែកញែករិះគន់លើកម្មពិធីបុកល័ក្តនៃកម្មពិធីមង្គលអាពាហ៍ពិពាហ៍ ដែលបានកើតឡើងកាលពីថ្មីៗនេះ ក្នុងកម្មវិធីមង្គលរបស់អ្នកជំនួញអនឡាញល្បីឈ្មោះ ពេជ្រ ពិសី។
ពិតណាស់ ក្នុងកម្មពិធីមង្គលរបស់ ពេជ្រ ពិសី ក្រៅពីចាប់អារម្មណ៍សរសើរលើកម្មពិធីប្រពៃណីទំនៀមទម្លាប់ខ្មែរនីមួយៗនៃពិធីមង្គល ក៏មានការផ្ទុះចែករំលែកវែកញែកខ្លាំង ក្នុងការឡាយផ្ទាល់នៃកម្មពិធីបុកល័ក្ត ដែលមហាជនខ្មែរមួយចំនួន ពិសេសបងប្អូនខ្មែរអ៊ិស្លាមបានរិះគន់មិនពេញចិត្តខ្លាំង។
ជុំវិញការវែកញែកក្នុងពិធីបុកល័ក្តនោះដែរ កើតឡើងក្រោយឃើញសកម្មភាពរបស់ក្រុមសម្ដែងកម្មវិធីបុកល័ក្ត ដែលសម្ដែងជាតួអង្គខ្មែរអ៊ិស្លាមបែបកំប្លែងលេងសើចជ្រុលមើលទៅមិនសមរម្យ ធ្វើឱ្យបងប្អូនខ្មែរអ៊ិស្លាមមានការមិនពេញចិត្ត និង នាំគ្នាប្រតិកម្មខ្លាំង ដោយលើកឡើងថាជាការប្រមាថមើលងាយ យកសាសនាអ៊ិស្លាមមកលេងសើច និង មិនឱ្យតម្លៃដល់សាសនាជាដើម។
ស្របពេលមានចែករំលែករិះគន់ ក៏ឃើញមានអ្នកសិល្បៈ ក៏ដូចជាក្រុមចូលរួមសម្ដែងក្នុងកម្មពិធីបុកល័ក្តនៃពិធីមង្គលនេះ បានចេញបង្ហោះសារបកស្រាយ និង សូមអធ្យាស្រ័យដល់បងប្អូនខ្មែរអ៊ិស្លាមដែរ ដោយលើកបង្ហាញពីហេតុផល ដែលមិនមានចេតនាសម្ដែងមាក់ងាយដល់បងប្អូនកាន់សាសនាអ៊ិស្លាមឡើយ។
ដោយឡែក ស្របគ្នានេះដែរ ងាកមើលលើហ្វេសប៊ុកផេករបស់ក្រសួងវប្បធម៌ និង វិចត្រសិល្បៈ ក៏បានចេញលិខិតមួយលើកឡើងជុំវិញរឿងរ៉ាវនៃកម្មពិធីបុកល័ក្ដនៃពិធីមង្គលដែរ ដោយក្រសួងបានរៀបរាប់ពីអត្ថន័យនៃកម្មពិធីបុកល័ក្ដ ក៏ដូចជាទំនៀមទម្លាប់ដែលមានពាក់ព័ន្ធនឹងជាតិសាសន៍ផ្សេងៗនៃពិធីនេះ។
ក្រសួងវប្បធម៌ និង វិចត្រសិល្បៈ បានអំពាវនាវដល់គ្រប់អ្នកសិល្បៈ និង អ្នករៀបចំកម្មពិធីមង្គលទាំងអស់ សូមឱ្យព្យាយាមរក្សានូវការគោរព និង ការអនុវត្តតាមពិធីដើមនៃមង្គលការ ដោយចៀសវាងឱ្យបាននូវការកែច្នៃ ដែលប្រាស់ចាកពីទំនៀមទម្លាប់ដើម។
ក្រសួងវប្បធម៌ និង វិចត្រសិល្បៈ ប្រាប់ឱ្យអ្នកសម្ដែង គួរតែចៀសវាងការប្រើពាក្យសម្ដី កាយវិការ និង សម្លៀកបំពាក់ទាំងឡាយដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់នៃជំនឿ និង សាសនារបស់សហគមន៍ និង ជាតិសាសន៍នានា៕






