ព្រឹទ្ធសមាជិកអាមេរិកមួយក្រុម ដាក់ចេញសេចក្តីព្រាងច្បាប់ដើម្បីបង្ខំឱ្យរដ្ឋបាលលោក Trump សងប្រាក់ពន្ធវិញ
កាលពីថ្ងៃចន្ទ (២៣ កុម្ភៈ) ព្រឹទ្ធសមាជិកអាមេរិកមួយក្រុម ចំនួន ២២ រូប មកពីខាងគណបក្សប្រជាធិបតេយ្យ បានដាក់ចេញនូវសេចក្ដីព្រាងច្បាប់ ដែលនឹងតម្រូវឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump សងប្រាក់វិញទាំងស្រុងក្នុងរយៈពេល ១៨០ ថ្ងៃ រួមទាំងការប្រាក់ផងដែរ នៃថវិកាដែលប្រមូលបានពីពន្ធគយ ដែលត្រូវបានលុបចោលដោយតុលាការកំពូលអាមេរិក។
សេចក្ដីព្រាងច្បាប់នេះនឹងតម្រូវឱ្យទីភ្នាក់ងារគយ និងការពារព្រំដែន (ហៅកាត់ថា CBP) ដែលប្រមូលពន្ធនៅច្រកចូលសហរដ្ឋអាមេរិក ផ្តល់អាទិភាពដល់អាជីវកម្មខ្នាតតូច។ គួឱ្យដឹងថា សេចក្ដីសម្រេចកាលពីថ្ងៃសុក្រកន្លងទៅរបស់តុលាការកំពូល មិនបានផ្តល់ការណែនាំណាមួយទាក់ទងនឹងការបង្វិលសងទៅវិញឡើយ នៅពេលខ្លួនលុបចោលពន្ធដ៏ទូលំទូលាយរបស់លោក Trump ដែលដាក់ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA)។ ជំនួសមកវិញ តុលាការកំពូលបានបញ្ជូនសំណុំរឿងនេះទៅឱ្យតុលាការជាន់ទាបផ្នែកពាណិជ្ជកម្ម ជាអ្នកកំណត់ជំហានបន្ទាប់។
សេចក្ដីព្រាងច្បាប់របស់ព្រឹទ្ធសមាជិកអាមេរិកទាំងនោះ នឹងតម្រូវឱ្យទីភ្នាក់ងារ CBP បង្វិលសងត្រឡប់ទៅវិញនូវប្រាក់ពន្ធទាំងអស់ដែលប្រមូលបានលើមូលដ្ឋានច្បាប់ IEEPA របស់លោក Trump ដែលត្រូវបានចាត់ទុកថាខុសច្បាប់នោះ បូករួមទាំងការប្រាក់ ទោះបីជាពន្ធនាំចូលនោះត្រូវបានបិទបញ្ចប់ ឬ «ត្រូវធ្វើសន្ទនីយភាពរួច» ដោយ CBP ក៏ដោយ។ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រាក់សងត្រឡប់ទៅវិញនោះអាចមានជាង ១៧៥ ពាន់លានដុល្លា ដោយផ្អែកលើការប៉ាន់ស្មានរបស់សេដ្ឋវិទូជាច្រើន។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះទើបតែត្រូវបានដាក់ចេញ ហើយត្រូវឆ្លងកាត់ការពិនិត្យឡើងវិញរបស់គណៈកម្មាធិការសភា ដូច្នេះការសម្រេចចិត្តណាមួយក្នុងការពិចារណាសេចក្ដីព្រាងច្បាប់នេះទំនងជានៅឆ្ងាយបន្តិច។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា រដ្ឋបាលនឹងអនុវត្តតាមការកំណត់របស់តុលាការជាន់ទាបលើការសងប្រាក់វិញ ដោយសង្កត់ធ្ងន់ថា «ប៉ុន្តែសេចក្ដីសម្រេចពីតុលាការជាន់ទាបទាក់ទងនឹងបញ្ហានេះ អាចចំណាយពេលច្រើនសប្តាហ៍ ឬច្រើនខែ»៕






