រដ្ឋសភាកម្ពុជា ទទួលស្វាគមន៍គណៈប្រតិភូសភាបារាំង ក្នុងដំណើរទស្សនកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាព ក្នុងនាមបារាំងជាមិត្តចាស់ដែលយល់ចិត្ត និងទុកចិត្តបាន
ភ្នំពេញ៖ តំណាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះគណៈប្រតិភូសភានៃក្រុមមិត្តភាពសភាបារាំង-កម្ពុជា ដឹកនាំដោយ ឯកឧត្តម Thomas LAM ក្នុងឱកាសអញ្ជើញមកដល់ទឹកដីកម្ពុជា ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរយៈពេល ៦ថ្ងៃ។
អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្ទាល់ដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និងជាសមាជិកក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាសក្ខីភាពនៃការពង្រឹងចំណងសាមគ្គីភាព និងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។
ដំណើរទស្សនកិច្ចដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ត្រូវបានគេមើលឃើញថា ជាការបើកទំព័រថ្មីនៃទំនាក់ទំនងសភា ដែលមិនត្រឹមតែផ្ដោតលើពិធីការការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសល្អដែលកម្ពុជាបានបង្ហាញពីតថភាពពិតនៃសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាទៅកាន់សហគមន៍អន្តរជាតិ។
តាមរបៀបវារៈដែលបានគ្រោងទុក គណៈប្រតិភូសភាបារាំងនឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិប្បញ្ញត្តិ រួមមាន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជំនួបជាមួយថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាជាច្រើនរូបទៀត។
ក្រៅពីជំនួបកម្រិតនយោបាយ គណៈប្រតិភូនឹងចុះស្វែងយល់ពីយន្តការការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិភាក្សាស្វែងរកកាលានុវត្តភាពនៃការវិនិយោគ និងពិនិត្យសមិទ្ធផលរូបវន្តដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង រួមមានរោងចក្រផលិតទឹកស្អាតបាក់ខែង និងការងារមនុស្សធម៌របស់អង្គការកុមារនៃតំបន់មេគង្គជាដេីម។
ជាមួយគ្នានេះ គណៈប្រតិភូសភាបារាំងក៏នឹងបន្តធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីពិនិត្យមើលគម្រោងអភិវឌ្ឍន៍សំខាន់ៗ និងការស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
គណៈប្រតិភូមានគម្រោងចុះទៅកាន់តំបន់ភៀសសឹកថ្មីក្នុងស្រុកពួក និងទីតាំងដែលធ្លាប់រងគ្រោះដោយការរំលោភបំពានដែនអធិបតេយ្យភាពពីសំណាក់ភាគីថៃនាពេលកន្លងមក ដើម្បីឱ្យតំណាងរាស្ត្របារាំងបានយល់ដឹងកាន់តែច្បាស់ពីការរងគ្រោះ ការលះបង់របស់កម្ពុជាក្នុងកិច្ចការពារបូរណភាពទឹកដី និងការកសាងសន្តិភាពតាមបណ្តោយព្រំដែន។
បន្ថែមលើនេះ គណៈប្រតិភូក៏នឹងអញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដើម្បីស្វែងយល់ពីអរិយធម៌ដ៏ឧត្តុង្គឧត្តម និងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សបេតិកភណ្ឌពិភពលោក ក្រោមក្របខណ្ឌអន្តរជាតិដែលមានបារាំងជាដៃគូសកម្មផងដែរ៕






