បង្រ្កាបកន្លែងស្តុកទុក និងចែកចាយដោយខុសច្បាប់នូវបារីអេឡិចត្រូនិច ដកហូតបាន ៣០ម៉ឺនដើម

(ភ្នំពេញ)៖ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោក សេង ម៉េងស្រ៊ុន បានចុះបង្រ្កាបករណីស្តុកទុក និងចែកចាយ ដោយខុសច្បាប់នូវបារីអេឡិចត្រូនិច ស្ថិតនៅគោលដៅ ផ្ទះC5 ផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនបានមនុស្ស ៥នាក់ វត្ថុតាង ចាប់បារីអេឡិចត្រូនិច ប្រមាណ ៣០០,០០០ដើម។
ប្រតិបត្ដិការនេះអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ប្រភពពីកម្លាំងជំនាញបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ឱ្យដឹងទៀតថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៤និង០០នាទីទៀបភ្លឺ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបកន្លែងស្តុកទុក និងចែកចាយ ដោយខុសច្បាប់នូវបារីអេឡិចត្រូនិចមួយកន្លែង ដែលជាលទ្ធផល ឃាត់ខ្លួនជនល្មើស ៥នាក់រួមមានឈ្មោះ វង្ស ឆាយណា ភេទប្រុស, ឈ្មោះ គង់ ឬទ្ធី ភេទប្រុស, ឈ្មោះ វ៉ែន ប្រុស ភេទប្រុស, ឈ្មោះ ទួន តារា ភេទប្រុស និងឈ្មោះ ម៉ៅ សុវណ្ណហៃ ភេទប្រុស ។
នៅក្នុងប្រតិបត្តិការនេះ វត្ថុតាងចាប់បានមានបារីអេឡិចត្រូនិច ប្រមាណ ២០០,០០០ ទៅ៣០០,០០០ដើមផងដែរ៕

You might also like