អង្គការ UNESCO ប្រចាំប្រទេសកម្ពុជាបញ្ជាក់ជំហរសហការបន្ថែមទៀតជាមួយក្រសួងទេសចរណ៍ដើម្បីអភិវឌ្ឍទេសចរណ៍វប្បធម៌-បេតិកភណ្ឌ និងចាត់ទុកទេសចរណ៍ជាមូលបទសំខាន់មួយសម្រាប់ព្រឹត្តការណ៍អបអរសាទរខួបទី៧៥ឆ្នាំនៃសមាជិកភាពរបស់កម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ នាទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោក Flavio Bonetti បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាក្នុងការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដែលជាសក្តានុពលដ៏សម្បូរបែប និងជាគោលដៅទេសចរណ៍ដ៏ខ្លាំងក្លាដែលកម្ពុជាមាន។
កិច្ចពិភាក្សា ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសដល់ក្រសួងទេសចរណ៍លើការចុះបញ្ជីបណ្តាញទីក្រុងច្នៃប្រឌិតរបស់ UNESCO ដោយបានលើកឡើងពីភាពជោគជ័យរបស់ទីក្រុងបាត់ដំបងដែលជាប់ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ ព្រមទាំងពិចារណាលើការគាំទ្រខេត្តផ្សេងៗ នាពេលអនាគត ព្រមទាំងពិភាក្សាអំពីការគ្រប់គ្រង និងអភិវឌ្ឍតំបន់បេតិកភណ្ឌពិភពលោក ដូចជាប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារ ដោយផ្តោតលើការអភិរក្សតម្លៃសកលដ៏អស្ចារ្យឱ្យបានគង់វង្ស និងឋិតឋេរ សម្រាប់ជាគោលដៅទេសចរណ៍បេតិកភណ្ឌ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោក Flavio Bonetti និងសហការីរបស់អង្គការសហប្រជាជាតិ UNESCO ប្រចាំកម្ពុជា ចំពោះការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍រហូតមកក្នុងការលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ ប្រកបដោយចីរភាព ស្របតាមស្តង់ដាអន្តរជាតិ និងបរិបទជាក់លាក់របស់កម្ពុជា ព្រមទាំងគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការដែលកំពុងអនុវត្ត និងគ្រោងអនុវត្តនានា ដែលជាចំណែកសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំការគាំទ្របន្ថែមពី UNESCO ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ ការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌជាពិសេស និងបន្ទាន់គឺប្រាសាទព្រះវិហារ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើជំនួយបច្ចេកទេសដល់ក្រសួងទេសចរណ៍ ក្នុងការចុះបញ្ជីទីក្រុងកំពត ទីរួមខេត្តក្រចេះ និងខេត្តរតនគិរីក្នុងបណ្តាញទីក្រុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់ UNESCO ព្រមទាំងការបញ្ចូលវិស័យទេសចរណ៍ជាមូលបទសំខាន់មួយក្នុងអបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិក UNESCO របស់កម្ពុជា នាឆ្នាំ២០២៦។
គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការ UNESCO តាំងពីឆ្នាំ១៩៥១ ដែលគិតមកដល់ឆ្នាំ២០២៦ នេះ មានរយៈពេល ៧៥ឆ្នាំ ហើយក៏ជាខួបលើកទី៣៥ នៃការបើកការិយាល័យ UNESCO ប្រចាំកម្ពុជាឡើងវិញនាឆ្នាំ១៩៩១។
ទីស្តីការក្រសួងទេសចរណ៍, ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦
(កម្មវិធីជំនួបដៃគូសហប្រតិបត្តិការអន្តរជាតិទី១១ ឆ្នាំ២០២៦)។






