ឯកអគ្គរាជទូតកម្ពុជា ត្រៀមនាំអត្តសញ្ញាណសម្លៀកបំពាក់ប្រពៃណី ទៅបង្ហាញលើឆាក World Costume Fashion Show នៅកូរ៉េ
(ភ្នំពេញ)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោកស្រី Jin Hyang-Ja ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមហាន់ប៊ុកកូរ៉េ (Korea Hanbok Association) នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នាស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។
លោកស្រី Jin Hyang-Ja បានជម្រាបជូន លោកឯកអគ្គរាជទូត ថាសម្លៀកបំពាក់ប្រពៃណីកូរ៉េ រឺហាន់ប៊ុក មានប្រមាណ ៨ពាន់ប្រភេទ ដែលប្រជាជនកូរ៉េយកមកស្លៀកពាក់ទៅតាមជំនាន់ រឺ បិរបទនៃកម្មវិធីនីមួយៗ ។ លោកស្រី បានប្រគល់សម្លៀកបំពាក់ប្រពៃណីកូរ៉េហាន់ប៊ុក ជូនលោក និងភរិយា សម្រាប់ស្លៀកក្នុងពិធីផ្លូវការនានារបស់កូរ៉េផងដែរ។
ក្នុងឱកាសនោះលោកស្រី Jin Hyang-Ja បានអញ្ជើញលោក ឃួន ផុនរតនៈ ចូលរួមកម្មវិធីបង្ហាញម៉ូដសំលៀកបំពាក់ពិភពលោក World Costume Fashion Show ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ខាងមុខនេះ។
លោកទូត បានថ្លែងអំណរគុណចំពោះសមាគម ដែលបានច្នៃសំលៀកបំពាក់ប្រពៃណីកូរ៉េដ៏ស្រស់ស្អាតជូនលោក និងភរិយា និងស្វាគមន៍ ចំពោះការអញ្ជើញស្ថានទូតចូលរួម ក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ពិភពលោក ដែលវានឹងក្លាយជាឱកាសដ៏ល្អមួយ សម្រាប់បង្ហាញសម្លៀកបំពាក់ប្រពៃណីកម្ពុជាលើឆាកអន្តរជាតិ៕






