អ្នកនយោបាយមានសុទិដ្ឋិនិយមថាបេសកកម្មការទូតរបស់សម្តេចធិបតី នឹងមានប្រយោជន៍ចំពោះបញ្ហាព្រំដែន

មេដឹកនាំគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះបេសកកម្មការទូតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅអាម៉េរិក និងអឺរ៉ុប ថាជាបេសកកម្មដ៏សំខាន់ដែលនឹងនាំប្រយោជន៍ដល់ ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។
ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងប្រាប់ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅអឺរ៉ុប និងសហរដ្ឋអាម៉េរិក គឺទទួលបានជោគជ័យយ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជា ដោយសារសម្តេចបាននាំយកបញ្ហាថៃរំលោភបំពានបូរណភាពទឹកដីកម្ពុជាឲ្យពិភពលោកបានដឹងឮ។
ឯកឧត្តមបានកោតសរសើរអំពីបេសកកម្មភាពការទូតរបស់សម្តេចធិបតីនៅលើឆាកអន្តរជាតិ ដើម្បីនាំយកការពិតនៃជម្លោះព្រំដែនកម្ពុជា-ថៃ ទៅប្រាប់ពិភពលោក ដើម្បីស្វះស្វែងរកការគាំទ្រលើផ្នែកច្បាប់អន្តរជាតិ។
សូមជម្រាបថា បេសកកម្មការទូតដ៏សកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្រៅប្រទេសគឺដើម្បីផលប្រយោជន៍ជាតិ ក៏ដូចជាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ សម្តេចធិបតី កំពុងបំពេញបេសកកម្មការទូតយ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ។ ចប់ពីសហរដ្ឋអាម៉េរិក សម្តេចបានអញ្ជើញដល់ទ្វីបអឺរ៉ុប និងកំពុងមមាញឹកក្នុងការជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃស្ថាប័នកំពូលអន្តរជាតិ ដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងអនុប្រធានកាកបាទក្រហមអន្តរជាតិព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាមានដូចជា ប្រធានាធិបតីទីម័រឡេស្តេជាដើម៕

You might also like