CMAC មានផែនការរំដោះផ្ទៃដីពីមីនប្រមាណ ២០០គីឡូម៉ែត្រក្រឡាក្នុងឆ្នាំ២០២៦ នៅតំបន់ជម្លោះព្រំដែន

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានដាក់ផែនការរំដោះផ្ទៃដីពីមីន ប្រមាណ២០០គីឡូម៉ែត្រក្រឡា ក្នុងឆ្នាំ២០២៦ នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានមានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញទស្សនវិស័យ និងយុទ្ធសាស្រ្តច្បាស់លាស់លើវិស័យមីន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមបន្តថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៦ អង្គភាពCMAC បានដាក់ចេញផែនការរំដោះផ្ទៃដីពីមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពី១៨០ទៅ២០០គីឡូម៉ែត្រក្រឡា នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបច្ចុប្បន្ន ក្រុមការងារកំពុងធ្វើការងារយ៉ាងសស្រាក់សស្រាំ។
សង្គ្រាមចំនួន២លើក នៅឆ្នាំ២០២៥ ដែលបង្កឡើងដោយភាគីថៃជាមួយប្រទេសកម្ពុជា អង្គភាព CMAC បានរកឃើញអាវុធយុទ្ធភណ្ឌជាច្រើន ដែលយោថៃបានប្រើប្រាស់ក្នុងពេលធ្វើសង្គ្រាមនោះ មានដូចជា គ្រាប់បែក MK84-82 គ្រាប់បែកចង្កោម គ្រាប់បែកផ្សែង គ្រាប់បែកគីមី និងអាវុធកែច្នៃថ្មីៗ ជាដើម។ ផ្ទៃដី ដែលបានរងផលប៉ះពាល់ មានប្រមាណជាង៤៤ម៉ឺនហិតា៕

You might also like