ឃាត់ខ្លួនជនសង្ស័យ ២១នាក់ ប្រតិបត្តិការឆ្មក់បង្ក្រាបសំបុក Online Scam ក្នុងសង្កាត់អូរបែកក្អម
(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងប្រតិបត្តិការបង្រ្កាបការប្រព្រឹត្តសកម្មភាពល្មើសនេះនៅទីតាំងអគារស្តាស៊ីធី អគារទី២ ជាន់ទី៩ បន្ទប់លេខ៩១២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
មនុស្សប្រុសស្រីទាំង២១នាក់ ដែលត្រូវបានឃាត់ខ្លួននេះមានជនជាតិចិនចំនួន១៦នាក់ ឥណ្ឌា ១នាក់ ប៉ាគីស្ថាន ២នាក់ ក្នុងនោះស្ត្រី ១នាក់ និងនេប៉ាល់ចំនួន២នាក់។ ក្នុងនោះដែរ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមានកុំព្យូទ័រ All in One កុំព្យូទ័រយួរដៃ និងទូរសព្ទដៃមួយចំនួនផងដែរ។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងតាមបទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។
រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។
វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះនឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕






