មហាជននាំគ្នាផ្ទុះការជជែកវែកញែក ទៅលើការផ្លាស់ប្ដូរនៃពណ៌ និង ម៉ូដនៃក្រចកដៃរបស់ជនជាប់ឃុំ បង្កើតទៅជាចម្ងល់ ជាទូទៅនៅតាមពន្ធនាគារដែលមានជនជាប់ឃុំជាស្ត្រី គ្រប់អង្គភាពតែងតែរៀបចំ និង បណ្តុះបណ្តាលជំនាញសំអាងកាយដល់ពួកគាត់ (សាឡនពន្ធនាគារ តែមនុស្សទូទៅកុំចង់សាកអី ទោះថ្វីដៃពួកគាត់ប្រណីតក៏ដោយ)

នៅល្ងាចថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានសាលាដំបូងខេត្តកណ្តាល សម្រេចដោះលែងឱ្យនៅក្រៅឃុំ តាមអំណាចសាលក្រម។
ទន្ទឹមទៅនឹងរូបភាពនៃការដោះលែងនេះផងដែរ បានធ្វើឱ្យមហាជននាំគ្នាផ្ទុះការជជែកវែកញែក ទៅលើការផ្លាស់ប្ដូរនៃពណ៌ និង ម៉ូដនៃក្រចកដៃរបស់ជនជាប់ឃុំ បង្កើតទៅជាចម្ងល់ និង ការលើកឡើងផ្សេងៗគ្នា។
នៅរសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ តាមរយៈគណនីរបស់លោក ឃៀង សុណាឌីន ជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានបកស្រាយនៅលើគណនីរបស់លោកឱ្យបានដឹងថា «ឃើញថាមានការវែកញែកច្រើន រឿងក្រចកដៃជនជាប់ឃុំ សូមបញ្ជាក់ថាពន្ធនាគារមិនមែនកន្លែងធ្វើទារុណកម្ម និង បំបិទសិទ្ធិគ្រប់បែបយ៉ាងទេ តែជាកន្លែងផ្តល់ការអប់រំចិត្តគំនិត បំណិនជីវិត ហើយផ្តល់ឱកាសដើម្បីកែប្រែខ្លួនក្លាយជាពលរដ្ឋល្អឡើងវិញ»។
អ្នកនាំពាក្យរូបនេះ បានលើកឡើងបន្តថា «ជាទូទៅនៅតាមពន្ធនាគារដែលមានជនជាប់ឃុំជាស្ត្រី គ្រប់អង្គភាពតែងតែរៀបចំ និង បណ្តុះបណ្តាលជំនាញសំអាងកាយដល់ពួកគាត់ (សាឡនពន្ធនាគារ តែមនុស្សទូទៅកុំចង់សាកអី ទោះថ្វីដៃពួកគាត់ប្រណីតក៏ដោយ) និង សូមអរគុណដែលបានចាប់អារម្មណ៍»។
គូសបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានតុលាការខេត្តកណ្តាល សម្រេចដោះលែងឱ្យនៅក្រៅឃុំ ខណៈបើតាមអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានឱ្យដឹងថា អ្នកនាង Love Riya ត្រូវជាប់ទោស ២ ឆ្នាំ តែអនុវត្ត ៦ ខែ ៩ ថ្ងៃប៉ុណ្ណោះ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយចាប់ខ្លួនបានមួយសប្តាហ៍ ទើបដឹងថា គាត់មានផ្ទៃពោះ ខណៈការចាប់ខ្លួនអ្នកនាង ធ្វើឡើងបន្ទាប់ពីអ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងទ័ព និង ប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ និង ការប្រើប្រាស់ផលិតផលថៃ។
សូមរំឭកផងដែរថា អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ក្រោយតំណាងអយ្យការ សម្រេចចោទប្រកាន់ចំនួន ២ បទល្មើស រួមមាន «ញុះញង់ឱ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ និង ធ្វើឱ្យខូចទឹកចិត្តកងទ័ព»៕

You might also like