ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណរដ្ឋាភិបាលបារាំង សម្រាប់ការគាំទ្រឥតងាករេក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ
(បារាំង)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលបារាំង សម្រាប់ការគាំទ្រឥតងាករេក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។
ប្រមុខការទូតកម្ពុជា បានលើកឡើងបែបនេះ ក្នុងពេលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Jean-Noël BARROT រដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
នៅក្នុងជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរការសួរសុខទុក្ខគ្នា និងសេចក្តីនឹករលឹកទៅវិញទៅមក បន្ទាប់ពីជំនួបចុងក្រោយតាមទូរស័ព្ទ កាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ខាងមុខនេះ។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ពាក់ព័ន្ធនឹងវឌ្ឍនភាពថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលបារាំង សម្រាប់ការគាំទ្រឥតងាករេក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែននេះដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ៕






