អ្នកនាំពាក្យ ៖ សេចក្តីព្រៀងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងពិនិត្យពិភាក្សា និងឆ្លងកាត់នីតិវិធីផ្ទៃក្នុង

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា មកទល់ពេលនេះ សេចក្តីព្រៀងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងពិនិត្យពិភាក្សា និងឆ្លងកាត់នីតិវិធីផ្ទៃក្នុង ខណៈ សេចក្តីព្រាងច្បាប់នេះ បង្កើតជាក្របខ័ណ្ឌគតិយុត្តមួយដ៏សំខាន់ និងច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។
លោកជំទាវ ឌី ម៉ូឡានី អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ ថា សេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”នេះ នឹងបង្កើតបានជាក្របខ័ណ្ឌគតិយុត្តមួយដ៏សំខាន់ និងច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ ច្បាប់នេះ ក៏ត្រូវបានរៀបចំឡើងស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកម្ពុជាបានចុះហត្ថលេខានាពេលកន្លងមក។ ដោយហេតុថា ច្បាប់នេះកំពុងស្ថិតនៅជាសេចក្តីព្រាងនៅឡើយ ដែលទាមទារឱ្យមានការពិនិត្យពិភាក្សា និងឆ្លងកាត់នីតិវិធីផ្ទៃក្នុង ដូច្នេះពុំទាន់អាចផ្តល់ព័ត៌មានលម្អិតលើសពីនេះបានទេ។
គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងយុត្តិធម៌បានរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និងបានដាក់ឆ្លងកិច្ចប្រជុំអន្តរស្ថាប័ន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ និងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងការធ្វើបទបង្ហាញផ្តល់បច្ចុប្បន្នភាពស្តីពី “យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា” ជូនដល់តំណាងទូតប្រចាំកម្ពុជានិងតំណាងសហភាពអឺរ៉ុប កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ ថា ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់រួមចំណែកដល់ការធានាបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព ដោយមានកំណត់អំពីទោសទណ្ឌ និងវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការទប់ស្កាត់រាល់អំពើខុសច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្នុងដំណើរការពិនិត្យរបស់អន្តរក្រសួងមុននឹងឈានដល់ដំណាក់កាលនីតិវិធីជាបន្តបន្ទាប់រហូតដល់ការអនុម័តជាផ្លូវការ៕

You might also like