អាជ្ញាធរមីន ៖ កម្ពុជា មិនបានដាក់មីនថ្មីទេ ខណៈតំបន់ព្រំដែនកម្ពុជា-ថៃ មានការគំរាមកំហែងធ្ងន់ធ្ងរដោយសារមីនបន្សល់ពីជម្លោះប្រដាប់អាវុធជាច្រើនទសវត្សរ៍កន្លងមកហើយ
ភ្នំពេញ៖អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានគូសបញ្ជាក់ថា ការរាយការណ៍ណាមួយពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្សនៅតាមបណ្តោយព្រំដែនត្រូវធ្វើឡើងដោយភាពប្រុងប្រយ័ត្ន មានភាពច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវ។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ កម្ពុជា មិនបានដាក់មិនថ្មី ហើយជំហររបស់កម្ពុជាមិន មានការផ្លាស់ប្តូរ មានតម្លាភាព និងមានភាពច្បាស់លាស់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។
អាជ្ញាធរមីនបានបន្តថា តំបន់ព្រំដែនកម្ពុជា-ថៃ មានការគំរាមកំហែងធ្ងន់ធ្ងរដោយសារមីន ដែលបន្សល់ពីជម្លោះប្រដាប់ អាវុធជាច្រើនទសវត្សរ៍កន្លងមក។ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានរកឃើញជាររឿយៗនៅក្នុង តំបន់នេះ ទាំងភាគីកម្ពុជា និងភាគីថៃ ហេតុនេះហើយ វាចាំបាច់បំផុតដែលភាគីទាំងពីរ ត្រូវបង្កើនកិច្ចសហ ប្រតិបត្តិការទ្វេភាគី ដើម្បីបោសសម្អាតមីន និងសំណល់ជាតិផ្ទុះទាំងនេះ។
ក្នុងន័យនេះ ការរក្សាទុកភស្តុតាង ការស៊ើបអង្កេត ការធ្វើសេចក្តីសន្និដ្ឋានជាឯកតោភាគី និងការ បង្ហាញសេចក្តីសន្និដ្ឋានជាសាធារណៈដោយអាជ្ញាធរថៃ គឺជាសកម្មភាពឯកតោភាគីទាំងស្រុង ដែលទង្វើ នេះ មិនត្រូវបានចាត់ទុកថាជាការស្វែងរកការពិត ប្រកបដោយភាពស្មោះត្រង់នោះឡើយ។ បញ្ហាមីន គឺជាបញ្ហារសើប និងតម្រូវឱ្យមានការផ្ទៀងផ្ទាត់បច្ចេកទេសរួមគ្នា ដែលត្រូវធ្វើឡើងប្រកបដោយតម្លាភាព វិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការ។
ការដោះស្រាយបញ្ហានេះ ត្រូវធ្វើឡើងតាមយន្តការដែលបានព្រមព្រៀងគ្នា សម្រាប់ការវាយតម្លៃ និងការផ្ទៀងផ្ទាត់បច្ចេកទេស។ កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការសហការប្រកបដោយស្ថាបនា និងតម្លាភាព ក្នុងការស្រាយបំភ្លឺ ដើម្បីសុវត្ថិភាពរបស់ជនស៊ីវិល និងសហគមន៍ក្នុងតំបន់ព្រំដែន។
សកម្មភាពមីន មិនគួរត្រូវបានប្រើប្រាស់ដើម្បីបម្រើនយោបាយនោះឡើយ ព្រោះសកម្មភាពមីន គឺការជួយសង្គ្រោះជីវិត កាត់បន្ថយហានិភ័យមនុស្សធម៌ និងការលើកកម្ពស់សន្តិភាព និងការជឿទុកចិត្តគ្នា ទៅវិញទៅមក។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការសន្ទនា ផ្តល់កិច្ចសហប្រតិបត្តិការ និងបន្តកិច្ចខិតខំប្រឹងប្រែង រួមគ្នា ឆ្ពោះទៅសម្រេចបានព្រំដែនដែលមានសុវត្ថិភាព ស្ថិរភាព និងមានការខណ្ឌសីមាច្បាស់លាស់៕






