លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំរៀបចំវេចខ្ចប់ស្បៀងអាហារយកទៅចែកជូនបងប្អូនជនភៀសសឹក ដែលមិនទាន់អាចវិលទៅកាន់គេហដ្ឋានវិញ
(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ និងជាអនុប្រធានមូលនិធិទ្រទ្រង់ជនភៀសសឹក កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំក្រុមការងារនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថ្នាក់ដឹកនាំ និងសិល្បករ-សិល្បការិនីនៃសមាគមសិល្បករខ្មែរ រៀបចំវេចខ្ចប់ស្បៀងអាហារ សម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ដើម្បីយកទៅចែកជូនដល់បងប្អូនជនភៀសសឹកមួយចំនួន ដែលមិនទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាន។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានបញ្ជាក់ថា ទោះបីជាស្ថានភាពហាក់ធូរស្បើយបន្តិច ប៉ុន្តែបងប្អូនភៀសសឹកមួយចំនួន នៅមិនទាន់អាចវិលត្រឡប់ទៅកាន់គេហដ្ឋាន របស់ពួកគាត់វិញបាននៅឡើយ ដូច្នេះការរួមគ្នាបន្តជួយឧបត្ថម្ភពួកគាត់ គឺជារឿងចាំបាច់បំផុត។
លោកជំទាវអ្នកឧកញ៉ាបានបញ្ជាក់ថា «ខ្ញុំគិតថា ទោះបីពួកយើងមានស្បៀងមិនច្រើន ប៉ុន្តែឆន្ទៈស្មារតី និងកម្លាំងសាមគ្គីរួបរួមគ្នារបស់ពួកយើងត្រូវតែរស់រវើក។ ការរួមគ្នាជាធ្លុងតែមួយរបស់ពួកយើង ជាអំណាយនៃការប្រយុទ្ធប្រឆាំងការឈ្លានពាន ពួកយើងត្រូវតែរឹងមាំ ត្រូវតែពួតដៃគ្នា»។
បើតាមការបញ្ជាក់ពីលោក សេត គឹមសឿន អ្នកនាំពាក្យរបស់សមាគមសិល្បករខ្មែរ បានឱ្យដឹងថា បន្ទាប់ពីយើងរៀបចំស្បៀងអាហាររួចរាល់ ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ទាំងនោះ នឹងត្រូវដឹកបញ្ចូនយកទៅចែកជូនបងប្អូនភៀសសឹក ជាច្រើនគ្រួសារនៅក្នុងខេត្តសៀមរាប។
លោក សេត គឹមសឿន បានបញ្ជាក់ថា មូលនិធិទ្រង់ទ្រង់ជនភៀសសឹក ត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនវីង ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុន CBS (CTN, MYTV, CNC, CBS Digital) ដើម្បីជាកម្លាំងសប្បុរសធម៌ រួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយដល់កងទ័ព និងបងប្អូនភៀសសឹក ដែលទទួលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានពីប្រទេសថៃ នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ នាពេលកន្លងមក៕






