ក្រសួងការបរទេសកម្ពុជា បដិសេធ យ៉ាងដាច់អហង្ការចំពោះការលើកឡើងថ្មីៗនេះរបស់អ្នកការទូតជាន់ខ្ពស់ប្រទេសថៃ ដែលចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាទីតាំងយោធា

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងថ្មីៗនេះរបស់អ្នកការទូតជាន់ខ្ពស់ប្រទេសថៃ ដូចដែលបានផ្សព្វផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ដោយចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាទីតាំងយោធា។
កម្ពុជាសូមអះអាងថា ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏មានតម្លៃវិសេសវិសាល ជាសកលរបស់អង្គការយូណេស្កូ គឺជាបូជនីយដ្ឋានវប្បធម៌ និងសាសនាដ៏ពិសិដ្ឋ។ ទីតាំងនេះពុំដែលត្រូវបាន រៀបចំ អភិវឌ្ឍ ឬប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។ នេះបើតាមការបញ្ជាក់បន្ថែមក្នុងសេចក្តីថ្លែងការណ៍។
ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៧២ កម្ពុជាតែងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងពេញលេញក្នុងការការពារ និងថែរក្សាទីតាំង ព្រមទាំងទ្រព្យសម្បត្តិវប្បធម៌ទាំងនេះសម្រាប់តែគោលដៅសកម្មភាពសន្តិភាព វប្បធម៌ និងសាសនាប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់បន្ថេមថា វត្តមានរបស់ឆ្នាំសន្តិសុខកម្ពុជាដើម្បីការពារបេតិកភណ្ឌវប្បធម៌ និងការពារអធិបតេយ្យកម្ពុជាលើទីតាំងនេះ មិនអាចបកស្រាយថាជាការប្រើប្រាស់ប្រាសាទក្នុងគោលបំណងយោធាបានឡើយ។ ការគ្រប់គ្រងទីតាំងនេះ នៅតែស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អាជ្ញាធរបេតិកភណ្ឌស៊ីវិលដែលមានសមត្ថកិច្ច ហើយការរៀបចំសន្តិសុខណាមួយនៅទីតាំងនេះ គឺមានការដាក់កម្រិតយ៉ាងតឹងរ៉ឹង ដែលមានលក្ខណៈរក្សាការពារ និងសមាមាត្រទៅនឹង តម្រូវការនៃការអភិរក្សការពារទីតាំងនោះ។
ការប៉ុនប៉ងពិពណ៌នាប្រាសាទព្រះវិហារថាជាទីតាំងយោធា គឺជាការមិនអើពើលើតថភាពផ្នែកច្បាប់ដែល មាន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អំណាចតុលាការអន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់។ កម្ពុជាតែង ប្រកាន់ខ្ជាប់ចំពោះច្បាប់អន្តរជាតិ ការការពារបេតិកភណ្ឌវប្បធម៌ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការចូល រួមសហការក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍ពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីថា ប្រាសាទព្រះវិហារគឺជា ហើយនឹងនៅតែជាប្រាសាទសន្តិភាព វប្បធម៌ និងបេតិកភណ្ឌមនុស្សជាតិរួម ពោលគឺមិនមែនជាទីតាំងប្រើក្នុង គោលបំណងយោធានោះទេ ហើយការការពារតំបន់បេតិកភណ្ឌពិភពលោកនេះ គឺជាការទទួលខុសត្រូវរួមរបស់ សហគមន៍អន្តរជាតិ៕

 

You might also like