អនុប្រធានទី១ព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ និងនាំអំណោយសម្តេចតេជោ ជូនវីរកងទ័ពជួរមុខ

ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់វិរយុទ្ធជនឈរជើងនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា (ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤។
ក្នុងឱកាសជួបសំណេះសំណាលជាមួយវីរកងទ័ពនៅគ្រប់ទីកន្លែង ឯកឧត្តមអនុប្រធានទី១ ព្រឺទ្ធសភា បានពាំនាំនូវការផ្ដាំផ្ញើការនឹករឮក និងការសាកសួរសុខទុក្ខ ព្រមទាំងសព្វសាធុការពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់វីរកងទ័ព ដែលកំពុងឈរជើងយ៉ាងរឹងមាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្តូរផ្តាច់ការពារបូរណភាពទឹកដី មាតុភូមិកម្ពុជា។
ឯកឧត្តមអនុប្រធានទី១ បានសម្តែងនូវការដឹងគុណ និងគារវកិច្ចដ៏ជ្រាលជ្រៅបំផុតចំពោះវីរភាពដ៏អង់អាចក្លាហាន មោះមុតដ៏គួរឱ្យកោតស្ញប់ស្ញែងរបស់វីរយុទ្ធជន ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី សូមតាមអភិបាលប្រោះព្រំ ឃុំគ្រងថែរក្សា និងប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង់អាចក្លាហាននៅតាមបណ្តោយព្រំដែន សូមប្រកបតែសុខភាពល្អ និងទទួលបានជ័យជំនះលើពួកឈ្លានពាន។
ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់ថា ការឈឺចាប់ ដែលបង្កឡើងដោយការរំលោភបំពានយ៉ាងឃោរឃៅរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា មិនបានធ្វើឱ្យប្រជាជាតិយើងចុះទន់ខ្សោយនោះទេ ផ្ទុយទៅវិញ ទង្វើទាំងនេះបានដុតបញ្ឆេះនូវសន្ទុះសាមគ្គីភាពយ៉ាងខ្លាំងក្លា និងឯកភាពជាតិដ៏រឹងមាំដែលមិនអាចរង្គោះរង្គើបាន នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់របស់សម្តេចធិបតី។ សាមគ្គីភាពនេះ ដែលកើតចេញពីជម្រៅទឹកចិត្ត និងមិនងាករេ មិនត្រឹមតែជាខែលការពាររបស់ប្រទេសជាតិក្នុងគ្រាដ៏លំបាកនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពជាតិដ៏អស្ចារ្យបំផុត ក្នុងនាមជាប្រជាជាតិអធិបតេយ្យមួយ ដែលប្តេជ្ញាការពារទឹកដី មរតក និងអនាគតរបស់ខ្លួន។
ជាមួយនិងវត្តមានដ៏ថ្លៃថ្លារបស់ព្រះអង្គ ជាមួយឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា និងសហការី នៅក្នុងឱកាសសំណេះសំណាលជាមួយវីរកងទ័ពឈរជើងនៅទិសខេត្តព្រះវិហារ យោធភូមិភាគទី៤ និងថ្មដា ខេត្តពោធិ៍សាត់ ព្រះធម្ម វនវាសី ចន្ទ មុនី បាននិមន្តប្រោសព្រំ និងប្រសិទ្ធពរជ័យជូនដល់វីរយុទ្ធជន ព្រមទាំងចូលរួមចែកអំណោយដល់គ្រួសារវីរយុទ្ធជនផងដែរ៕

You might also like