ជនបរទេសចំនួន៨១នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បង្ក្រាបពាក់ព័ន្ធករណី Online Scam
ជនសង្ស័យជាបរទេសចំនួន៨១នាក់ដែលជាប់ពាក់ព័ន្ធ online scam ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនភ្លាមៗកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែង ស្ថិតក្នុងបុរីប៉េងហួត ចំណុចផ្ទះលេខ៧៩ ផ្លូវ L-03 ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បញ្ជាក់ថា ផ្អែកលើរបាយការណ៍កោសល្យវិច័យ ជនសង្ស័យខាងលើបានលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពលួងលោមស្នេហា (Romance Scams)។
ជនបរទេសទាំង៨១នាក់នេះ មានជនជាតិចិនចំនួន៧២នាក់ (ស្ត្រី៣នាក់ ) និងជនជាតិមីយ៉ាន់ម៉ា ចំនួន៩នាក់(ស្រី្ត១នាក់)។ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមានកុំព្យូទ័រ All in one ចំនួន៥១គ្រឿង ម៉ូនីទ័រ ចំនួន១០គ្រឿង CPU ចំនួន១១គ្រឿង Laptop ចំនួន២គ្រឿង ទូរស័ព្ទបម្រើបទល្មើស ចំនួន៤៨០គ្រឿង សក់សិប្បនិម្មិត១២សក់ ទូដែក១ ។
សមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពឡើយ៕






