សម្ដេចតេជោ ហ៊ុន សែន អរគុណសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលលុបចោលការពិន័យលើកីឡាករត្រកូល «អេ» និងជូនពរឱ្យជោគជ័យលើការប្រកួត នៅបរទេស
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចេញសារថ្លែងអំណរគុណ ចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានលុបចោលសេចក្តីសម្រេច ស្តីពីការហាម ឃាត់កីឡាករ អេ វិរៈខាំឈិតភូថង និងកីឡាករ អេអាំ ម៉ារីនភូថង មិនឲ្យប្រកួតរយៈពេល៦ខែ តាមសំណូមពររបស់សម្ដេច។
តាមរយៈសាររបស់សម្ដេចតេជោ ហ៊ុន សែន បង្ហោះនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានសរសេរថា «ខ្ញុំសូមអរគុណ ចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានលុបចោល សេចក្តីសម្រេច ស្តីពីការហាម ឃាត់កីឡាករ២រូប មិនឲ្យប្រកួតរយៈពេល៦ខែ តាមសំណូមពររបស់ខ្ញុំ»។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា «ខ្ញុំសង្ឃឹមថា កីឡាករទាំងពីររូប ដែលនឹងត្រូវប្រកួតនៅបរទេស នាពេលដ៏ខ្លីខាងមុខនេះ នឹងនាំជោគជ័យមកជូនប្រទេសជាតិ»។
សូមជម្រាបថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចលុបសេចក្តីជូនដំណឹងលេខ ០៤០/២០២៦ ស.គ.ខ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្តីពីការផ្អាកការចាប់គូប្រកួត កីឡាករ គុនខ្មែរ ២រូប រួមមាន ១៖ កីឡាករ អេ វិរៈខាំឈិតភូថង និង២៖ កីឡាករ អេអាំ ម៉ារីនភូថង។
ការលុបនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានចេញសារតាមបណ្តាញសង្គម ដោយស្នើសហព័ន្ធកីឡាប្រដាល់គុណខ្មែរ លុបសេចក្តីជូនដំណឹង ដែលហាមកីឡាករត្រកូល «អេ» ២រូប មិនឲ្យប្រកួតរយៈពេល៦ខែ ដោយរង់ចាំដោះស្រាយ ក្រោយប្រកួតនៅក្រៅប្រទេសរួច៕






