អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី១-៤ ខែមីនា
តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសបំពេញទស្សនកិច្ច លោកជំទាវអគ្គលេខាធិការ នឹងអញ្ជើញជួបសម្តែងការគួរសម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃ រដ្ឋសភា។ លោកជំទាវអគ្គលេខាធិការ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក៏ដូចជា សម្រាប់សហគមន៍ហ្វ្រង់កូហ្វូនទាំងមូល។
ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ លោកជំទាវ Louise MUSHIKIWABO បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់អង្គការ OIF និងព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូ ឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់បណ្តាញអ្នកប្រើប្រាស់ភាសា បារាំងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងៗទៀត៕






