លោក ហេង សួរ ៖ ឱកាសការងារប្រមាណ ៨ម៉ឺននាក់ សម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា បច្ចុប្បន្ននៅមានឱកាសការងារប្រមាណ ៨ម៉ឺននាក់ទៀត សម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ។
ការលើកឡើងបែបនេះរបស់ លោក ហេង សួរ បានធ្វើឡើងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានរយៈពេលេ២ថ្ងៃ ចាប់ពីរថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំរំដួល អគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។
លោក ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននៅមានឱកាសការងារប្រមាណ ៨ម៉ឺននាក់ទៀតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ហើយក្នុងឆ្នាំ២០២៥ ក្រសួងបានគ្រប់គ្រងការវិលត្រឡប់របស់អតីតពលករប្រមាណ ៩៥ម៉ឺននាក់ដោយប្រសិទ្ធភាព ហើយបានប្រែក្លាយពួកគាត់ឱ្យទៅជាកម្លាំងផលិតកម្មជាតិដ៏មានសក្តានុពល ដែលឆ្លើយតបនឹងកំណើនវិនិយោគ»។
លោករដ្ឋមន្រ្ដី បានបន្ដថា ជាក់ស្តែង ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អតីតពលករប្រមាណ ៣១ម៉ឺននាក់ទទួលបានការងារក្នុងប្រព័ន្ធនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ហើយប្រមាណ ៣១ម៉ឺននាក់ផ្សេងទៀតបានទទួលការងារក្រៅប្រព័ន្ធ គិតត្រឹមឆ្នាំ២០២៥ ហើយរហូតមកដល់ពេលនេះមានរហូតដល់ទៅ៦២ម៉ឺននាក់។ ជាមួយនេះ លោករដ្ឋមន្រ្តី ក៏គូសបញ្ជាក់ពីការរក្សាបាននូវប្រាក់ឈ្នួលអប្បបរមាសមរម្យសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជាមួយនឹងលក្ខខណ្ឌការងារ សុខដុមនីយកម្មវិជ្ជាជីវៈ និងអនុលោមតាមច្បាប់ស្ដីពីការងារកាន់តែប្រសើរ។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឆ្នាំ២០២៦ ក្នុងទិសដៅបម្រើសេវាប្រជាពលរដ្ឋ កម្មករនិយោជិត និងនិយោជកឱ្យកាន់តែល្អប្រសើរ បង្កើនល្បឿនអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្រ្តីបានកំណត់ទិសដៅ១៩ចំណុច ព្រមទាំងផ្តល់អនុសាសន៍ដ៏មានតម្លៃដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវបន្តអនុវត្តអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចមហាបវរធិបតី ដោយត្រូវពង្រឹង និងពង្រីកសេវាការងារ ព័ត៌មានទីផ្សារការងារ វេទិកាការងារ និងប្រព័ន្ធ Hotline ១២៩៧ដល់សាធារណជន ជាពិសេសអតីតពលករ, បន្តពង្រីកទីផ្សារការងារនៅក្រៅប្រទេស, បន្តរៀបចំផលិត និងផ្សព្វផ្សាយរបាយការណ៍អង្កេត និងឯកសារសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងទីផ្សារការងារជាទៀងទាត់ ក៏ដូចជាបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងយន្តការសមាហរណកម្មជនទេសន្តរប្រវេសន៍។
បន្ថែមពីនេះ លោករដ្ឋមន្រ្ដី បានបញ្ជាក់ទៀតថា ត្រូវបន្តពង្រឹងយន្តការអធិការកិច្ចអន្តរក្រសួង និងប្រព័ន្ធអភិបាលកិច្ចអធិការកិច្ចការងារ, បន្តលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ, បង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធក្នុងការលុបបំបាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ, បន្តអភិវឌ្ឍសមត្ថភាពអង្គភាពពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ និងបន្តពង្រឹងប្រសិទ្ធភាពយន្តការដោះស្រាយវិវាទការងារក្រៅតុលាការ៕






