ផ្ទុះការរំជួលចិត្ត! កុមារីអាយុ ៦ ឆ្នាំ គេងឈឺកំពុងសង្គ្រោះ រៀបរាប់ផ្ដាំប៉ាម៉ាក់កុំឱ្យបារម្ភ និង សន្យាថាធំឡើងខំរកលុយចិញ្ចឹមលោកទាំង ២ ឱ្យរស់ស្រួល
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាស្រក់ទឹកភ្នែក សម្ដែងក្ដីរំជួលចិត្ត បន្ទាប់ពីបានទស្សនាវីដេអូ ក្មេងស្រីកំពុងសង្គ្រោះនៅមន្ទីរពេទ្យ រៀបរាប់ពីក្ដីបារម្ភទៅកាន់ឪពុកម្ដាយ ព្រមទាំងសន្យាមើលថែលោកទាំងពីរវិញ គួរឱ្យអាណិតស្រណោះបំផុត។
វីដេអូដែលកំពុងផ្ទុះក្ដីរំជួលចិត្តនេះផងដែរ ត្រូវបានបង្ហោះដោយគណនីក្រុមគ្រួសាររបស់ក្មេងស្រីឈ្មោះ RA Meth ដែលបង្ហាញពីសកម្មភាពក្មេងស្រីអាយុ ៦ ឆ្នាំ កំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ រៀបរាប់បង្ហាញក្ដីស្រឡាញ់ និង ការបារម្ភទៅកាន់ឪពុកម្ដាយ ដែលលោកបានបូជាកម្លាំងកាយចិត្តមើលថែកូនស្រីជាទីស្រឡាញ់ ដែលក្មេងស្រីយំរៀបរាប់ថា ខ្លួនធំឡើងនឹងខិតខំរកលុយដើម្បីមើលថែលោកទាំង ២ វិញ ឱ្យរស់នៅបានស្រួល ឱ្យលោកទាំងពីរឈប់ធ្វើការហើយ។
គួរឱ្យដឹងផងដែរថា ក្មេងស្រីដ៏សែនឆ្លាត ចេះដឹងទុកធុរៈពុកម៉ែរូបនេះ មានឈ្មោះ ពិត បុស្បា ហៅលីន មានអាយុ ៦ ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យរកឃើញមានកើតជំងឺមហារីកគ្រាប់ឈាម ដែលបច្ចុប្បន្នក្មេងស្រីកំពុងតស៊ូប្រឆាំងទៅនឹងជំងឺនេះ។
ក្រុមគ្រួសាររបស់ក្មេងស្រី បុស្បា ហៅលីន មានទីលំនៅបច្ចុប្បន្ន ស្ថិតនៅក្នុងភូមិ ០៣ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ក្មេងស្រីកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម ខណៈគ្រួសារខ្វះខាតថវិកាក្នុងការព្យាបាលជំងឺ និង ថ្លៃថ្នាំពេទ្យប្រចាំថ្ងៃច្រើនណាស់ ដែលបងប្អូនអាចរួមគ្នាជាបច្ច័យបន្តិចបន្តួចជូនទៅកាន់គ្រួសារក្មេងស្រីដែលមានក្ដីកតញ្ញូកត្តវេទីរូបនេះ ដើម្បីបន្តការព្យាបាលឱ្យបានជាសះស្បើយ៕






