លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងបង្កើតមន្ទីរពេទ្យតំបន់ នៅតាមបណ្តាលខេត្ត ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ

(កំពង់ស្ពឺ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងបង្កើតមន្ទីរពេទ្យតំបន់ នៅតាមបណ្តាលខេត្ត ដែលមានសមត្ថភាព គុណភាពដូចទៅនឹងមន្ទីរពេទ្យធំៗនៅរាជធានីភ្នំពេញដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាសុខាភិបាលប្រកបដោយ គុណភាព និងប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយការចំណាយពេលវេលា និងថវិការច្រើនក្នុងការព្យាបាលជំងឺផងដែរ។

ការថ្លែងរបស់លោកជំទាវបណ្ឌិត បានធ្វើឡើងនៅក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រមាណជាង៤០០នាក់ ចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជិត៥ពាន់នាក់ ដោយឥតគិតថ្លៃ នៅក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចាន់ថ្នាល ដែលស្ថិតនៅភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ នៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា «រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងបង្កើតមន្ទីរពេទ្យតំបន់ នៅខេត្តសៀមរាប កំពង់ចាម និងនៅតាមបណ្តាលខេត្តផ្សេងៗទៀត ដែលមានគ្រប់ជំនាញពេញដោយសមត្ថភាព

គុណភាពដូចទៅនឹងមន្ទីរពេទ្យធំៗនៅរាជធានីភ្នំពេញដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់ លោកតា លោកយាយ អ៊ំពូមីង ប្រជាពលរដ្ឋយើងមិនចាំបាច់ធ្វើដំណើរឆ្ងាយមកភ្នំពេញ និងចំណាយពេលវេលា និងថវិការច្រើននោះទេ»។

លោកជំទាវបណ្ឌិត បានបន្ថែមទៀតថា គម្រោងបង្កើតមន្ទីរពេទ្យតំបន់នេះ មានភាពយឺតយ៉ាវបន្តិចដោយសាបញ្ហាព្រំដែនកម្ពុជា-ថៃ។ តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះ ឱ្យចេញជារូបរាងក្នុងឆ្នាំនេះ ឬឆ្នាំ២០២៧ខាងមុខ ដើម្បីបង្កើនភាពងាយស្រួលក្នុងការទទួលសេវាសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋទោះក្នុងតំបន់ណាក៏ដោយ។

ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកទឹកចិត្ត និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋ សូមបន្តខិតខំថែរក្សាសុខភាព តាមរយៈការហាត់ប្រាណប្រចាំថ្ងៃ ការធ្វើអនាម័យជាប្រចាំ ការបរិភោគកុំប្រៃពេក ផ្អែមពេក និងខ្លាញ់ពេក សូមកាត់បន្ថយនូវរសជាតិ ដើម្បីការពារសុខភាពពីជំងឺផ្សេងៗ រួមទាំងជំងឺមិនឆ្លងផងដែរ។

សូមជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) មានពិនិត្យជំងឺជូនប្រជាពលរដ្ឋដូចជា ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាមជាដើម ។

តែក្នុងករណីមានប្រជាពលរដ្ឋយើងណាម្នាក់មានជំងឺធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យនឹងបញ្ជូនទៅព្យាបាលបន្ដនៅរាជធានីភ្នំពេញ ដោយរាល់ការចំណាយទាំងអស់ទាំងការព្យាបាល និងស្នាក់នៅ របស់អ្នកជំងឺ និងកំដរអ្នកជំងឺ គឺឧបត្ថម្ភទាំងស្រុងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕

You might also like