ក្រសួងវប្បធម៌ សម្ពោធពិព័រណ៍សិល្បៈសិប្បកម្មខ្មែរ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ពិព័រណ៍សិល្បៈសិប្បកម្មខ្មែរ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦» និងប្រកាសដល់សាធារណជនចូលរួមទស្សនាដោយសេរី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ ពីធីសម្ភោធបើកជាផ្លូវការនេះប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នាសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។
ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា ក្នុងឱកាសនោះថា ពិព័រណ៍សិល្បៈសិប្បកម្មខ្មែរនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង អបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៨ ឆ្នាំ២០២៦ និងលើកកម្ពស់តម្លៃបេតិកភណ្ឌ តាមរយៈការបង្ហាញពីភាពអស្ចារ្យនៃស្នាដៃឯករបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកតាមរយៈសិល្បៈសិប្បកម្ម។
ឯកឧត្តមបន្តថា ពិព័រណ៍សិល្បៈសិប្បកម្មខ្មែរនេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រសិប្បករក្នុងស្រុក បង្កើតទីផ្សារ និងឱកាសដល់សិប្បករមកពីបណ្តាខេត្តនានា បានជួបជាមួយអ្នកប្រើប្រាស់ និងវិនិយោគិនផ្ទាល់ និងទី៤. ជំរុញចលនា ទិញផលិតផលខ្មែរ បណ្តុះស្មារតីឱ្យកូនខ្មែរមានមោទនភាព និងគាំទ្រស្នាដៃដែលផលិតដោយស្នាមញញឹម និងញើសឈាមរបស់ខ្មែរ រួមចំណែកក្នុងយុទ្ធនាការ «ស្មារតីខ្មែរតមួយ»។
ក្នុងឱកាសនេះ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ បានថ្លែងថា ទិវាវប្បធម៌ជាតិ គឺជាទិវាជាតិដ៏មានសារៈសំខាន់មួយ ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍សិល្បៈសិប្បកម្មនេះ ក្រុមការងារបានខិតខំសម្របសម្រួល និងរៀបចំអោយមានស្តង់តាំងបង្ហាញផ្នែកសំខាន់ៗរួមមាន៖ ស្តង់ស្នាដៃមរតកមនុស្សរស់ មានចំនួន៥រូប ដែលអញ្ជើញចូលរួមតាំងបង្ហាញស្នាដៃ ជាមួយនិងការរៀបចំអោយមានស្តង់បង្ហាញពីស្នាដៃសិស្សជំនាញវិជ្ជាជីវៈដូនតា ចំនួន២០ថ្នាក់ ស្នាដៃប្រឡងប្រជែងក្នុងមហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ ស្នាដៃស្រាវជ្រាវសូត្រ និងការប្រើពណ៌ធម្មជាតិ និងស្តង់សិប្បករអញ្ជើញមកពីបណ្តាសហគមន៍សំខាន់ៗក្នុងរាជធានី-ខេត្តទូទាំងប្រទេស។ ហើយអ្វីដែលជាពិសេសទៅទៀតនោះ ព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏បានរៀបចំអោយមាននូវស្តង់តាំងបង្ហាញម្ហូបអាហារប្រពៃណី ដែលផ្តល់ឱកាសដល់សាធារណជនបានស្វែងយល់រសជាតិម្ហូបអាហារខ្មែរផងដែរ៕






