ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប វាយតម្លៃខ្ពស់ចំពោះក្រុមការងារខេត្តបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានល្អ

សៀមរាប៖ ព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ឯកឧត្តមនាយឧត្តមសេនីយ៏ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុហកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភបាលខេត្តសៀមរាប ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សរុបចំនួន ៣០០។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាការអនុវត្តគោលនយោបាយឈ្នះ ឈ្នះ និង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលយ៉ាងសកម្ម ព្រមទាំងបានរំលេចនូវសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងឆ្នាំ២០២៥ លើការដោះស្រាយបញ្ហាប្រឈម និងសំណូមពរ របស់ប្រជាពលរដ្ឋបានជាច្រើនករណី ដែលភាគច្រើនពាក់ព័ន្ធនឹងសេវាសាធារណៈ ទំនាស់ដីធ្លី និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងមូលដ្ឋាន។

បន្ថែមពីនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានលើកឡើងគោលការណ៍ ៨ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ក្រុមការងារចុះមូលដ្ឋានយកទៅអនុវត្ត និង បានណែនាំដល់ក្រុមការងារពាក់ព័ន្ធឲ្យបន្តពង្រឹងការចុះមូលដ្ឋាន តាមរយៈការរៀបចំវេទិកាសាធារណៈឲ្យបានកាន់តែញឹកញាប់ និងដិតដល់បំផុត ដើម្បីស្វែងយល់ពីសុខទុក្ខ និងបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាពលរដ្ឋ សំដៅស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងភាពសមស្របជូនពួកគាត់។

ឯកឧត្តមក៏បានជម្រុញដល់គ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ អង្គភាពសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើការបង្ក្រាបឲ្យបាន បទល្មើសគ្រឿងញៀន ហ្គេមអនឡាញ កុំឱ្យកើតមាន នៅក្នុងក្រុងទេសចរណ៍មួយនេះ និងបង្កើតឲ្យមានតំបន់កសិទេសចរណ៍ នៅតាមបណ្តាក្រុង ស្រុក ឃុំសង្កាត់ ដើមី្បបង្កើនចំណូលជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងធ្វើការជ្រើសរើសទីតាំងបង្កើតផ្សារបោះដុំ ដែលជាទីប្រមូលផ្តុំកសិផលរបស់បងប្អូនកសិករដែលផលិតបាន នៅតាមមូលដ្ឋានខ្លួន៕

You might also like