អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ, សង្ឃឹម និង វណ្ណថង ផ្ដួលដៃគូត្រឹមទឹក២ លើទឹកដីបារាំង
អ្នកលេងគុនខ្មែរ ៦រូប បានធ្វើឲ្យកក្រើកសង្ស័យ Cambodia Kun Khmer នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយកីឡាករ-កីឡាការិនី ៥រូប បានទទួលជ័យជម្នះ ស្របពេល ពេជ្រ សម្បត្តិ, បឺត សង្ឃឹម និង ឈុត សិរីវណ្ណថង បានផ្ដួលដៃគូឲ្យបោះបង់ការប្រកួតត្រឹមទី២ ដូចគ្នា កាលពីចុងសប្ដាហ៍កន្លងទៅ។
សម្រាប់កីឡាកររហស្សនាមក្របីព្រៃ ពេជ្រ សម្បត្តិ បានយកផ្ដួលកីឡាករម្ចាស់ផ្ទះ ម៉ាក់ស៊ីម ខំបេស នៅទឹកទី២, គ្រាដែលកីឡាករ បឺត សង្ឃឹម បានយកឈ្នះកីឡាករ ម៉ាទីន ស្ទេរវេន របស់បារាំងដូចគ្នា ត្រឹមទី២ និងកីឡាករ ឈុត សិរីវណ្ណថង បានផ្ដួលកីឡាករអេស្ប៉ាញ សឺជីអូ ភីនីលឡា ត្រឹមទឹកទី២ ដើម្បីគ្រងខ្សែក្រវាត់រៀងៗខ្លួន។
រីឯលទ្ធផលអ្នកលេងគុនខ្មែរ ៣រូបទៀត រួមមានកីឡាការិនី ទូច ចាន់វត្ដី បានវាយឈ្នះកីឡាការិនីបារាំង ម៉ាទីន ថូម៉ាស់ ដោយពិន្ទុ និងកីឡាករ សៀងហៃ គុនខ្មែរ បានវាយកឈ្នះកីឡាករ លីញ៉ាត់ ដឺ ណាសស៊ីបូរ របស់បារាំង ដោយពិន្ទុ លើកលែងតែកីឡាករ ពេជ្រ អាទិទេព ដែលរងបរាជ័យដោយពិន្ទុ ក្រោមថ្វីដៃកីឡាករបារាំង អាំបាយ ស៊ាំ ។
ព្រឹត្តិការណ៍នេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋនៅទ្វីបអឺរ៉ុប ពិសេសអ្នករស់នៅទីក្រុងបារីសផ្ទាល់ ដែលបានចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងការប្រកួតគុនខ្មែរ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិខ្មែរនេះ៕






