នៅឆ្នាំ២០២៥ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៩ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង ២ម៉ឺននាក់ និងចាប់យកសារធាតុញៀនជាង ៧តោន
ភ្នំពេញ៖ ការបង្ក្រាបបទល្មើសគ្រឿងញៀនបានធ្វើឡើងនៅក្នុងឆ្នាំ២០២៥, មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៩ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង ២ម៉ឺននាក់ ចាប់យកសារធាតុញៀនជាង ៧តោន និងសារធាតុគីមីផ្សំជិត ៥០តោន។ នេះបើតាម នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ប្រាប់ BTV នៅថ្ងៃទី០២ ខែមីនានេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានមានប្រសាសន៍ប្រាប់ នៅថ្ងៃទី០២ ខែមីនា នេះថា ការពិតណាស់ រដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន មាណែត ជានាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ និងយកបញ្ហាគ្រឿងនេះ ជាអាទិភាពទី១។ ហេតុនេះ ក្នុងឆ្នាំ២០២៥ កន្លងទៅ នគរបាលប្រឆាំងគ្រឿងញៀនបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៩,២១៨ ករណី ឃាត់ខ្លួន ជនសង្ស័យចំនួន ២២,៩២៦នាក់ (ស្រី ១,៦១៦នាក់) ចាប់យកសារធាតុញៀន សរុប ចំនួន ៧តោន ៨៥១គ.ក្រ និងសារធាតុគីមីផ្សំ ជាង៤៨តោន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ បានបញ្ជាក់ថា សារធាតុញៀនដែលសមត្ថកិច្ចចាប់បានច្រើនបំផុតគឺ ប្រភេទ អ៊ិចស្តាស៊ី សមត្ថកិច្ចចាប់បានជិត ៤ តោន ប្រភេទមេតំហ្វេតាមីន ជាង១តោន និងប្រភេទ កេតាមីន ជាង១តោន។ បើប្រៀបធៀបលទ្ធផលបង្ក្រាបបទល្មើសកាលពីឆ្នាំ២០២៤ ធៀបនិងឆ្នាំ២០២៥ ឃើញថា ៖ បទល្មើសគ្រឿងញៀនមានការកើនឡើងចំនួន ៨៨១ករណី កើនឡើង ១០.៥៦%។ ជនសង្ស័យមានការកើនឡើង ចំនួន ១៨២៤នាក់ កើនឡើង ៨.៦៤%។ គ្រឿងញៀនដែលសមត្ថកិច្ចចាប់បាន មានការថយចុះ ប្រហែល ៣តោន។ សារធាតុគីមីផ្សំ មានការកើនឡើង ជាង ៤៨តោន។
ចំពោះស្ថានភាពគ្រឿងញៀន ស្ថានភាពជាទូទៅនៃបទល្មើសគ្រឿងញៀននៅក្នុងកម្ពុជាមានការថមថយដោយក្នុងនោះ៖ មិនមានករណីផលិត កែឆ្នៃគ្រឿងញៀនទ្រង់ទ្រាយធំៗទៀតនោះទេ គឺមានតែការកែច្នៃគ្រឿងញៀនទ្រង់ទ្រាយតូចៗ នៅតាមផ្ទះ និងតាមខុនដូរ។ ការប្រើប្រាស់គ្រឿងញៀននៅតាមសប្បាយដ្ឋានមានការថយចុះ ស្ទើតែទាំងស្រុង៕






