ឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug

(ព្រះសីហនុ)៖ នៅថ្ងៃទី១ ខែមីនាឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ជួញដូរ និងចែកចាយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
លោកឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង អធិការដ្ឋាននគរបាលក្រុង បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់(ស្រី ២នាក់)។
វត្ថុតាងចាប់យក ក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន៤កញ្ចប់ ទម្ងន់ ១.៣១ក្រាម (ទម្ងន់សុទ្ធ) ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ២គ្រឿង ទូរស័ព្ទចំនួន ៧គ្រឿង ថងសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់៕

You might also like