អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យចំនួន៤នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ១-ឈ្មោះ ចាប ចំរើន ហៅ មើន ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ ហង្ស រស្មី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ, ៣-ឈ្មោះ ឈុំ ចំរើន ហៅ ង៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ, ៤-ឈ្មោះ រ៉េត ដានិត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំង ដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០១កញ្ចប់ធំ និង០៤ថង់កិប ទម្ងន់ ៦៩៣,៩ក្រាម, កញ្ចប់ម្ស៉ៅពណ៌លឿងមានរូបសេះពណ៌ក្រហម (អ៊ិចស្តាស៊ី) ចំនួន០១កញ្ចប់ ទម្ងន់ ៥,៥០ក្រាម, ម៉ូតូ ចំនួន០២គ្រឿង, ទូរស័ព្ទចំនួន ០៤គ្រឿង, ញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០២គ្រឿង រួមនឹងសម្ភារៈសម្រាប់ប្រាស់គ្រឿងញៀនមួយចំនួន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងក ម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕






