បុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះ ស.ស.យ.ក. នឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលជាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នៅរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជាតិ ឱ្យបានទូលំទូលាយ និងបន្តផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ។
ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងថា គម្រោងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នេះ ធ្វើឡើងដើម្បីជាការថែរក្សាការពារវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ដូនតា គឺជាផ្នែកមួយ នៃខឿនការពារជាតិ ការចូលរួមជំរុញចរន្តសេដ្ឋកិច្ច គឺជាផ្នែកមួយ នៃខឿនការជារជាតិ ការទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា និងយុទ្ធនាការ “ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ – Home Coming” ហើយក៏ជាការបង្ហាញសាមគ្គីភាព ឯកភាព និងភាពធន់ ការផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងបងៗវីរកងទ័ព។ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងព្រឹត្តការណ៍ «នគរសង្រ្កាន្ត» ក៏មានការរៀបចំពិធីសាសនាឧទ្ទិសដល់វីរយុទ្ធជនពលី និងជនរងគ្រោះ និងបួងសួងសុំសេចក្តីសុខជូនដល់ប្រទេសជាតិ។
បើតាមឯកឧត្តម សុខ សប្បាយណា ព្រឹត្ដិការណ៍នេះ ក៏មានការចែករំលែកប្រាក់ចំណេញទាំងអស់ពីការលក់ Mascot និងផ្នែកនៃចំណូលពីការលក់ស្តង់ នឹងជូនទៅបងប្អូនភៀសសឹក ការដឹកនាំចលនាសង្គម “១០០០០ ក្រមា” តំណាងឱ្យក្តីស្រឡាញ់ពីមហាជន ការផ្ញើបណ្ណជូនពរ និងក្តីនឹករលឹក ជូនដល់វីរកងទ័ពជួរមុខ ការធ្វើយុទ្ធនាការអំបុក វេចអន្សម និងដុតក្រឡានក្នុងទីតាំងនៃព្រឹត្តិការណ៍ដើម្បីផ្ញើជូនដល់ជួរមុខ ការសម្តែងសិល្បៈលើឆាកធំ បង្ហាញពីវីរភាពកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ ការរៀបចំពិធីជួបជុំអបអរបុណ្យចូលឆ្នាំខ្មែរនៅតាមជំរំជនភៀសសឹក ការសហការរៀបចំផ្ទាំងទស្សនីយភាពស្នាដៃគំនូរ “សិល្បៈដើម្បីសន្តិភាព” រួមជាមួយការតាំងបង្ហាញរូបរចនា និងស្នាដៃវិចិត្រកម្មបំផុសស្មារតីនឹករលឹកដល់វីរយុទ្ធជន និងបងប្អូនភៀសសឹក៕






