លោក សែម សំណាង បន្ដបេសកកម្មដឹកនាំប្រតិភូអន្តរក្រសួង និងទីភ្នាក់ងារ AFD ចុះពិនិត្យការអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រអូរអត ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ
នារសៀលថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សែម សំណាង ប្រធានកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តបេសកកម្មដឹកនាំប្រតិភូអន្តរក្រសួង និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចុះពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើការអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រអូរអត ស្ថិតក្នុងស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។
ក្នុងដំណើរបេសកកម្មនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រតិភូ AFD ដែលដឹកនាំដោយលោកស្រី សេង សូទ្ធីរ៉ា និងមានការចូលរួមយ៉ាងកុះករពីបងប្អូនប្រជាកសិករក្នុងមូលដ្ឋាន។
ក្នុងឱកាសសំណេះសំណាលនោះ លោកប្រធានកម្មវិធីបានគូសបញ្ជាក់ថា គម្រោងប្រព័ន្ធធារាសាស្ត្រអូរអត ដែលទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារ AFD គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសន្តិសុខទឹក និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះមានគោលដៅយុទ្ធសាស្ត្រធានានិរន្តរភាពទឹកសម្រាប់បម្រើដល់ការដាំដុះ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងបង្កើនសមត្ថភាពផលិតកម្មកសិកម្មឱ្យបាន ២ដងក្នុងមួយឆ្នាំ សំដៅលើកកម្ពស់ផលិតភាព កម្រិតជីវភាព និងបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាន ក៏បានសំណូមពរដល់ប្រជាកសិករឱ្យបន្តផ្តល់កិច្ចសហការ និងយោគយល់អធ្យាស្រ័យក្នុងអំឡុងពេលស្ថាបនា ដើម្បីឱ្យប្រព័ន្ធធារាសាស្ត្រនេះសម្រេចបានតាមស្តង់ដារបច្ចេកទេស និងគុណភាពខ្ពស់ សំដៅបម្រើផលប្រយោជន៍ដល់ការដាំដុះ និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ឱ្យកាន់តែប្រសើរឡើង៕






