ឯកឧត្តមឯកអគ្គរាជទូត អ៊ិន តារា ជម្រាបជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ពីការរំលោភបំពានរបស់ថៃ ដែលរារាំងជនភៀសសឹកកម្ពុជា វិលត្រលប់ទៅលំនៅឋានដោយសេចក្តីថ្លៃថ្នូរ
(AKP) “ការខ្សែរលួសបន្លា និងទូកុងតឺន័រ របស់កងកម្លាំងថៃនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅតែបន្តរារាំងការចូលទៅកាន់លំនៅឋានប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងបន្ថែមការរងទុក្ខរបស់ជនភៀសសឹក”។ នេះជាការលើកឡើងក្នុងបទអន្តរាគមន៍ របស់ ឯកឧត្តមឯកអគ្គរាជទូត អ៊ិន តារា នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ។
ឯកឧត្តមតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានរំលឹកបន្ថែមថា៖ “ចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានអនុវត្តប្រតិបត្តិការយោធាឈ្លានពានជាបន្តបន្ទាប់នៅតាមផ្នែកជាច្រើននៃតំបន់ព្រំដែន បណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សហគមន៍ស៊ីវិល និងការរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជា។ ផលប៉ះពាល់លើមនុស្សមានភាពធ្ងន់ធ្ងរ ដូចជា ការបាត់បង់ជីវិតស៊ីវិល ការបំផ្លាញលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ ការលួចប្លន់ ការបង្ខំឱ្យចាកចេញ និងការផ្លាស់ទីលំនៅទ្រង់ទ្រាយធំ”។
ជាមួយគ្នានេះ កម្ពុជាអំពាវនាវដល់ក្រុមប្រឹក្សានេះ ឱ្យលើកតម្កើងច្បាប់លើសការប្រើប្រាស់កម្លាំង និងចាត់វិធានការដោយភាពមុតមាំ។ មានតែតាមរយៈការគោរពអធិបតេយ្យភាព ការទទួលខុសត្រូវចំពោះការរំលោភច្បាប់ និងសកម្មភាពពហុភាគីដែលមានគោលការណ៍ប៉ុណ្ណោះ ទើបអាចការពារសេចក្តីថ្លៃថ្នូរមនុស្សជាតិ និងធ្វើឱ្យសន្តិភាពមានភាពចីរភាពបាន។
សូមរំលឹកថា ថៃបានបើកប្រតិបត្តិការឈ្លានពានបូរណភាពទឹកដីកម្ពុជា តាមរយៈការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក ដែលបណ្តាលឱ្យស្លាប់ជនស៊ីវិល និងរងរបួសជាច្រើននាក់ ខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនកន្លែង។
ជាមួយគ្នានេះ ថៃបាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំង ជាក់ស្តែង (fait accompli) តាមរយៈការ រាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លាញ ផ្ទះប្រជាពលរដ្ឋ ក្នុងដែនអធិបតេយ្យកម្ពុជា ដែលថៃបានកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាបន្តបន្ទាប់ ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំង៕






