ជនជាតិអាមេរិកនៅអ៊ីរ៉ង់ ប្រឈមនឹងគ្រោះថ្នាក់ធំ ខណៈការវាយប្រហាររួមគ្នារបស់អាមេរិក-អ៊ីស្រាអែល នៅតែបន្ត

យោងតាមក្រុមតស៊ូមតិអ្នកជាប់ឃុំឃាំងបានឱ្យដឹងថា អ៊ីរ៉ង់កំពុងតែឃុំខ្លួនពលរដ្ឋអាមេរិក ឬអ្នករស់នៅអចិន្ត្រៃយ៍ យ៉ាងហោចណាស់ ៦នាក់ ដែលបង្កើនការភ័យខ្លាចថា ពួកគេ និងជនជាតិអាមេរិករាប់ពាន់នាក់ទៀត ដែលជឿថាកំពុងជាប់គាំងនៅប្រទេសអ៊ីរ៉ង់ អាចនឹងត្រូវបានប្រើជាថ្នូរចរចា ក្នុងសង្គ្រាមដែលកំពុងកើនឡើងយ៉ាងខ្លាំងក្លាជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
អ្នកជាប់ឃុំទាំងនោះ គឺស្ថិតក្នុងចំណោមក្រុមមនុស្សដែលអ្នកជំនាញមួយចំនួនប៉ាន់ប្រមាណថា អាចជាអ្នកមានសញ្ជាតិពីរ អាមេរិក-អ៊ីរ៉ង់ ចំនួនរាប់ពាន់នាក់ និងអ្នកកាន់បណ្ណបៃតង ដែលនៅតែស្ថិតក្នុងប្រទេសអ៊ីរ៉ង់ ទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីសហរដ្ឋអាមេរិក មិនឱ្យធ្វើដំណើរទៅទីនោះ ដោយសារតែការគំរាមកំហែងនៃការចាប់ខ្លួនក៏ដោយ។
លោក Ryan Fayhee សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមតស៊ូមតិ Foley Foundation បាននិយាយថា៖ «ប្រវត្តិសាស្ត្ររបស់របបនេះក្នុងការស្វែងរកឥទ្ធិពលចរចាពីក្នុងខ្លួនជនជាតិអាមេរិកសម្រាប់គោលបំណងនយោបាយ គឺមានជាយូរមកហើយ ដូច្នេះជនជាតិអាមេរិកទាំងអស់នៅទីនោះ អាចនឹងប្រឈមនឹងហានិភ័យ»។ អតីតមន្រ្តី FBI មួយរូបបាននិយាយថា «នៅមានពលរដ្ឋសញ្ជាតិពីរបែបនេះ ចំនួនរាប់រយ ឬអាចរាប់ពាន់នាក់ ឬច្រើនជាងនេះក៏ថាបាន ដែលនៅអ៊ីរ៉ង់ ទោះជាមានហានិភ័យក៏ដោយ»។
គួរឱ្យដឹងថា អ៊ីរ៉ង់មិនទទួលស្គាល់សញ្ជាតិពីរទេ មានន័យថា រដ្ឋាភិបាលដទៃទៀតមិនអាចផ្តល់ការការពារផ្នែកការទូត ឬសេវាកម្មកុងស៊ុលដល់ពលរដ្ឋរបស់ពួកគេ ដែលមានសញ្ជាតិអ៊ីរ៉ង់ឡើយ។ ប្រភពមួយដែលដឹងពីបញ្ហានេះ បាននិយាយថា សូម្បីតែក្រសួងការបរទេសអាមេរិក ក៏មិនដឹងច្បាស់ដែរថា មានជនជាតិអាមេរិកប៉ុន្មាននាក់នៅក្នុងប្រទេសអ៊ីរ៉ង់នោះទេ៕

You might also like